រដ្ឋបាលខេត្តព្រះសីហនុ៖ បងប្អូនមួយចំនួនធំ បានចាញ់បោក ការញុះញង់ របស់មេខ្យល់ ឱ្យចូលទៅទន្ទ្រានដីកម្មសិទ្ឋិស្របច្បាប់របស់ធនាគារកាណាឌីយ៉ា
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា បន្ទាប់ពីក្រុមការងាររដ្ឋបាលខេត្ត បានចុះដល់ទីតាំង ដោយបានធ្វើការពន្យល់ណែនាំអំពីទិដ្ឋភាពច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតាំងទីលំនៅលើដីកម្មសិទ្ធិ ស្របច្បាប់របស់ ធនាគារកាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចមក។
សូមជម្រាបថា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បងប្អូនមួយចំនួនធំ ដែលបានចាញ់បោក ការញុះញង់ របស់មេខ្យល់ ឱ្យចូលទៅទន្ទ្រានដីកម្មសិទ្ឋិស្របច្បាប់របស់ធនាគារកាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាពេលកន្លងមក បានចូលរួមដោយស្ម័គ្រចិត្តទទួលយកគោលការណ៍ដោះស្រាយ ដីឡូត៍ទំហំ ៥ម៉ែត្រ x ២០ម៉ែត្រ ពីធនាគារ កាណាឌីយ៉ា ក្រោមការសម្របសម្រួលរបស់ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅលើទីតាំងដីខាងលើ ដែលមិនទាន់បានមកបំពេញឯកសារជាមួយក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ សូមរួសរាន់មកធ្វើឯកសារ ដោយភ្ជាប់មកជាមួយឯកសារកាន់កាប់ច្បាប់ដើម មកជួបជាមួយក្រុមការងាររដ្ឋបាលខេត្ត ដែលមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ជាកំហិត។