បញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ជាង៦០០នាក់ បន្ថែមទៀត!

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ចំនួន ៦២៣នាក់ ស្រី ៣០៥នាក់។

លោក អ៉ី ធារិន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកព្រៃនប់ បានរាយការណ៍នៃការបញ្ចូលសមាជិក សមាជិការថ្មី គណបក្សប្រជាជនកម្ពុជា ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ចំនួន ៦២៣នាក់ ស្រី ៣០៥នាក់ ក្នុងនោះយុវជន ៤៦៧ នាក់ ស្រី ២០៨នាក់។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយសមាជិកគណបក្សថ្មី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ចំនួន ៦២៣នាក់ ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្ត និងក្នុងនាមសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា សូមសំដែងការសាទរការសម្រេចចិត្តរបស់បងប្អូនចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាគ្រួសារដ៏ធំមួយ។ និងអបអរសាទរ ដែលអង្គការ FATF បានចេញសេចក្តីប្រកាសជាផ្លូវការដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។

គណប្រជាជនកម្ពុជាបានកើតឡើងកាលពីឆ្នាំ១៩៥១ ធ្វើការតសូរំដោះប្រទេស ចេញពីអាណានិគមនិយមបារាំងនៅឆ្នាំ១៩៥៣ កម្ពុជាទទួលបានឯករាជពេញលេញលើផ្ទៃប្រទេសនៅរហូតដល់ឆ្នាំ១៩៧០ និងធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ក្រោយឆ្នាំ១៩៧០ មានការធ្វើរដ្ឋប្រហារធ្វើឱ្យកម្ពុជាមានសង្គ្រាបស៊ីវិល រហូតកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគុកឥតជញ្ជាំងដែលប្រជាជនកម្ពុជាបានឆ្លងកាត់នៃការឈឺចាប់។

ឯកឧត្តម ប្រធានគណបក្សប្រជាជនកម្ពុជា​ បាននបន្តថា ដោយសារវីរភាពរបស់គណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ បានចាប់ផ្តើមប្រមូលកម្លាំងអ្នកស្នេហាជាតិ រៀបចំបង្កើតរណសិរ្យ សាមគ្កីសង្គ្រោះជាតិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដឹកនាំចលនាតស៊ូ និងដោយមានការគាំទ្រពីប្រទេសជិតខាង ធ្វើការរំដោះប្រទេសកម្ពុជានៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់មន្ត្រី កម្មាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ហើយខេត្តព្រះសីហនុ ត្រូវបានរំដោះនៅថ្ងៃទី១៧ ខែមករា ១៩៧៩។ កម្ពុជាបានទទួលសុខសុន្តិភាពជាង ២៤ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះឈានទៅបញ្ចប់សង្គ្រាមរាំរ៉ៃ ធ្វើឱ្យកម្ពុជាធ្វើការបង្រួបបង្រួមជាតិ ឈានទៅធ្វើការអភិវឌ្ឍកសាងប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យមានការរីកចម្រើនរហូត មកដល់បច្ចុប្បន្ននេះ។ ហើយសមិទ្ធផលដែលកើតមាននាពេលនេះ គឺបានមកពីគណបក្សប្រជាជនកម្ពុជា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើង។

ឯកឧត្តម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានបញ្ជាក់ថា ផ្តើមចេញពីសន្តិភាព ធ្វើឱ្យប្រជាជនកម្ពុជា មានជីវភាពកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងឈានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ធ្វើឱ្យកម្ពុជាទទួលបានទេសចរ អ្នកវិនិយោគកាន់តែច្រើន ហើយប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលកាន់តែខ្ពស់។ ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានកម្មករ កម្មការិនីរហូតដល់ ២៥.០០០នាក់ នេះដោយការគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានទាក់ទាញអ្នកវិនិ យោគមកកាន់ខេត្តរបស់យើង។ ទន្ទឹមនោះ រោងចក្រផលិតកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេដគ្រោងនឹងបើកឱ្យដំណើរការនៅខែឧសភាខាងមុខ ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ១.៥០០នាក់ ដូច្នេះបងប្អូនមានឱកាសចាប់យកការងារកាន់តែច្រើននាពេលខាងមុខ។ រាជរដ្ឋាភិបាលរៀបចំផែនការមេប្រើប្រាស់ដីនៅខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បងប្អូនត្រូវខិតខំប្រឹងប្រែងស្រូបយកការ ងារកាន់តែច្រើនទាមទារឱ្យយើងមានជំនាញបច្ចេកទេសក្នុងការចូលបំរើការងារនៅតាមរោងចក្រ សហគ្រាស។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមផ្តល់ឱកាសជូនប្រជាពលរដ្ឋក្រីក្រមានផ្ទៃពោះ រដ្ឋបានឧបត្ថម្ភលើកទឹកចិត្តឱ្យទៅពិនិត្យសុខ ភាពឆ្លងទន្លេ រហូតកូនអាយុ ២ឆ្នាំ ដោយទទួលបានថវិកាជាង ៧០ម៉ឺនរៀល។ និងដាក់ចេញនូវប្រាក់សោធន៍និវត្តសម្រាប់កម្មករ កម្មការរិនី ដើម្បីកំណើនសេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចគ្រួសារ។ គណបក្សប្រជាជនបានខិតខំប្រឹងប្រែងរកសុខសន្តិភាព គឺដើម្បីភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងបន្តខិតខំគៀគរសមាជិក សមាជិការគណបក្សប្រជាជនរួមគ្នាថែរក្សាសុខសន្តិភាព ការអភិវឌ្ឍសង្គមជាតិ ហើយប្រជាពលរដ្ឋនឹងទទូលបានអត្ថប្រយោជន៍ពីសុខសន្តិភាព យើងត្រូវបន្តគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ​ ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close