អតីត ស្មៀន​សង្កាត់តាខ្មៅ​ ម្នាក់! សងលុយហើយ ត្រូវជាប់គុកទៀត!

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់បទបញ្ជាផ្ទាល់មាត់​ឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការច្បាប់ ចំពោះ លោក សុខ សុផា អតីតស្មៀនសង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ដោយគ្មានការលើកលែង។ សម្ដេចបន្តថា នោះគឺត្រូវសងលុយ ហើយជាប់​គុកទៀត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់នេះ បន្ទាប់ពី​លោក សុខ សុផា ស្មៀនសង្កាត់​តាខ្មៅ បានស៊ីដាច់ប្រាក់ជាង ៧០លានរៀល ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ​រងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ​«យើងមិនបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋរបស់យើង ដែលក្រហើយ​នោះ កាន់តែក្របន្ថែម ក្នុងកាលៈទេសៈ​ដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនទាន់​ឆ្លងផុត បូកជាមួយនឹងបញ្ហាអតិផរណា បានកើតឡើងនោះទេ​»។ ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីធ្វើឡើងក្នុង​ពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្ដេចតេជោបានណែនាំដល់មន្រ្តីមូលដ្ឋាន ឲ្យធ្វើការនេះ បានហ្មត់ចត់ ត្រឹមត្រូវ ដើម្បីជៀសវាងនូវការបាត់បង់ណាមួយ ដូចជាករណីកើតឡើង នៅខេត្តកណ្ដាល ដែលសម្តេច​តេជោ លើកឡើងថា ត្រឹមតែស្មៀនឃុំម្នាក់ បានកិបកេងលុយរាប់សិបលានរៀល ពីកម្មវិធីនេះ​។

ចំពោះករណីនេះ សម្ដេចតេជោ បានលើកឡើងថា «ចេះរកឃើញ! យើងឲ្យតម្រង់ទៅគ្រួសារក្រីក្រ តែបែរជាមិនបានដល់គ្រួសារក្រីក្រ វានៅត្រឹមតែអ្នកពុករលួយ ហើយទម្រាំតែរកឃើញ! ចុះបើរក​មិនឃើញ អ្នកដែលត្រូវបាននោះ! វានឹងអត់តែរហូតហើយ»។

សម្ដេចសង្កត់ធ្ងន់ថា «អត់មានលើកលែងទេ! ត្រូវចោទប្រកាន់ ផ្ដន្ទាទោស! មិនត្រឹមតែសង​លុយ​នោះទេ តែ​សងលុយហើយ ជាប់គុកទៀត»។

សម្ដេចបានផ្ដាំថា រាជរដ្ឋាភិបាល បានប្រឹងណាស់! កុំបំផ្លាញអ្វីដែលជាការ​ខិតខំរួម​របស់ជាតិ និងប្រជាជន ហើយយកទៅធ្វើមានធ្វើបាន បំផ្លាញនូវសេចក្ដីសុខរបស់​ប្រជាជន ដែលត្រូវទទួលបានផល រាប់សិបគ្រួសារនោះ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្ដាល លោកស្រី ហុង​ ម៉ារីនិច បានសម្រេច​ឃុំខ្លួនស្មៀនសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា ករណីស៊ីដាច់លុយរបស់ប្រជាជនក្រីក្រជាង ៧០លាន​រៀល ដាក់ពន្ធនាគារខត្តកណ្តាល បណ្តោះអាសន្នហើយ។

គួររំលឹកបន្ថែមថា ​លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តកណ្តាល បានសម្រេច​ចោទប្រកាន់ ស្មៀនសង្កាត់តាខ្មៅ លោក សុខ សុផា ពីបទ ” ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ” តាមមាត្រា៥៩៧ ,មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ​ ដែលប្រព្រឹត្ត នៅក្នុងអំឡុងពេល​ប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ដែលប្រព្រឹត្តទៅ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ស្មៀនសាលាសង្កាត់តាខ្មៅ លោក សុខ សុផា កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានកម្លាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំង​រដ្ឋបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងនគរបាលក្រុងតាខ្មៅ ចុះចាប់​ខ្លួន​ ករណីស៊ីដាច់លុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩។ ក្រោយឃាត់ខ្លួន ស្មៀនសង្កាត់នោះ ត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU។

ក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានដឹកនាំកម្លាំង ដោយសហការជាមួយរដ្ឋបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅ ​ស្រាវជ្រាវជាបន្ទាន់​នូវភាពមិនប្រក្រតីនៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ- ១៩ ដែលប្រព្រឹត្ត​ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណាត់ការនេះ ត្រូវបានធ្វើឡើង ដោយ​យោងតាមពាក្យបណ្តឹងជនរងគ្រោះម្នាក់ ដែលកាន់បណ្ណ​សមធម៌។ ប៉ុន្តែ​ជនរងគ្រោះនោះ មិនបានបើកប្រាក់ ១៦ខែរួចហើយ ដែលក្នុងមួយខែចំនួន ២៣២.០០០ រៀល ស្មើនឹងទឹកប្រាក់សរុប ៣.៧១២.០០០ រៀល។ បន្ទាប់មក ក្រុមការងារបានរកឃើញបន្ថែមនូវប័ណ្ណសមធម៌ ចំនួន ១៩ប័ណ្ណទៀត ដែលមានភាពមិនប្រក្រតី និងមានការបន្លំដកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ប័ណ្ណសមធម៌ទាំង ២០ប័ណ្ណនោះ ត្រូវបានឈ្មោះ សុខ សុផា ភេទប្រុស ជាស្មៀន និងជាអ្នកអនុវត្តកម្មវិធី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកូវបាន២០បណ្ណឆាំងអំពើរមើលស្មៀនសង្កាត់​នោះ ពេលឡានប៉ូលិស ដឹកចូលពន្ធនាគារឡើយ។បើកលុយយក សរុបទាំង ២០ ប័ណ្ណ មានទឹកប្រាក់សរុបចំនួន ៧០.៩៨៨.០០០ រៀល។

លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន​ផ្ទៀងផ្ទាត់​ រក្សាទុក និងបានទៅដកប្រាក់ពីកម្មវិធី មករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌​ទាំងនោះ ជូនម្ចាស់ដើមឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close