ពលរដ្ឋ៖ ប្រុងប្រយ័ត្ន មានចោរចងខ្សែលួស តាមផ្លូវ ប្លន់សម្លាប់ យកម៉ូតូកូនខ្ញុំ…! ទៅប្តឹង ប៉ូលិស ថាអោយយេីងមេីលចោរខ្លួនឯង…!

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ វិ ធាវី បាមបង្ហោះផ្សព្វផ្សាយមានខ្លឹមសារថា៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អំពិល​ទឹក ​ឃុំកំពង់ភ្នំ​ ទាំង​អស់​សូម​មានការប្រុងប្រយ័ត្នមានចោរចងខ្សែលួសតាមផ្លូវប្លន់សម្លាប់យកម៉ូតូកូនខ្ញុំចំងាយពីផ្ទះប្រហែល៥០ម៉ែត្រ​នៅ​ថ្ងៃ​ទី​ ១៩.០២.២០២៣ តែសំណាង​មិនដួលទៅប្តឹងប៉ូលិសគាត់អោយយេីងមេីលចោរខ្លួនឯងហេីយគាត់មិនបានមកមេីលកន្លែងកេីតហេតុទេ​ អោយតែយ៉ាងហ្នឹងស្លាប់ប្រជាពលរដ្ឋអស់ហេីយ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក ដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៏ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ចុះស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ថ្ងៃពុធ ៣កេីត ខែ​ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣លោក​វរសេនីយ៍ឯក​ អាំ​ ធូ​ អធិការនគរបាលស្រុក​ បានបញ្ជា​កម្លាំងផ្នែកជំនាញ​នគរបាលយុត្តិធម៍ស្រុក​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ​ ចុះដល់ទីតាំងកេីតហេតុពិនិត្យនិងស្រាវជ្រាវ​ ស៊េីបអង្កេត​ ករណី​៖ រាយចងខ្សែលួសកាត់ទទឹងផ្លូវលំបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។
យោងតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ​ ផល្លី​ សុជាតិ​ បានបញ្ជាក់ថា​៖​ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះ ផល្លី សុជាតិ បានមកពីធ្វើការនៅភ្នំពេញពេលមកដល់ផ្ទះក៏បានបបួលមិត្តភក្ត័ហូបស្រានៅផ្ទះរបស់ខ្លួនដោយចាប់ផ្តើមតាំងពីម៉ោង១៨និង៣០នាទី និងបានជិះម៉ូតូទៅមកៗជាច្រើនលើកច្រើនសារតាមផ្លូវលំចូលផ្ទះរបស់ខ្លួននៅក្រោយឃ្លាំងតាសាយជាច្រើនជុំដោយទៅដឹកមិត្តភក័្តផងទិញសាច់ក្លែមផងទិញស្រាបៀផងជាច្រើនលើកច្រើនសារតាមផ្លូវលំចូលផ្ទះរបស់ខ្លួនដដែលៗដោយមិនមានបញ្ហាអ្វីកើតឡើយទេ។ លុះនាំគ្នាផឹករហូតដលម៉ោង២៣និង៣០នាទី ជនរងគ្រោះឈ្មោះ ផល្លី សុជាតិ បានជិះម៉ូតូតាមផ្លូវលំដដែលដើម្បីទៅទិញស្រាបៀមកផឹកទៀត ពេលជិះដល់កន្លែងកើតហេតុក៏បានទាក់នឹងខ្សែលួសដែលគេចងកាត់ផ្លូវលំ​ត្រូវក្បាលម៉ូតូដាច់ខ្សែលួសវាត់ត្រូវចង្ការនិង​ក​ បណ្ដាលឱ្យរងរបួស​ តែមិនបណ្តាលឱ្យដួលម៉ូតូឡេីយ​ រួចជនរងគ្រោះ​ ភ័យក៏បានជិះម៉ូតូបន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ដេីម្បីជួយអន្តរាគមន៍។
ឆ្លងតាមការស៊េីបអង្កេតស្រាវជ្រាវ​ ផ្នែកជំនាញនគរបាលយុត្តិធម៌​ ធ្វេីការសន្និដ្ឋានថា៖​÷ករណីខាងលេីមិនមែនជា​ ករណីប្លន់​នោះទេ​ ព្រោះថា​ ជនសង្ស័យ(មិនស្គាល់អត្តសញ្ញាណ) ប្រហែលជាខឹងនិងជនរងគ្រោះជិះទៅមកៗលឿនៗច្រេីនលេីកច្រេីនសារ​ ហេីយផ្នែកជំនាញ និងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់គឺការចងខ្សែលួស​មានកម្ពស់ ១ម៉ែត្រ​ពីដី​ ដាក់ទាក់សម្រាប់ឱ្យម៉ូតូដួលតែប៉ុណ្ណោះ។
ករណីនេះបច្ចុប្បន្នផ្នែកជំនាញនគរបាលយុត្តិធម៌ កំពុងបន្តធ្វេីការស៊េីបអង្កេត ស្រាវជ្រាវ​ និងកំណត់មុខសញ្ញាយកមកផ្ដន្ទាទោសតាមច្បាប់។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close