ឆក់ត្រី ភ្លាត់ស្នៀត ឆក់ស្លាប់ខ្លួនឯង!

មណ្ឌលគិរី​ ៖​ នៅ​ថ្ងៃ​ពុធ​ ៣​កើត​ ខែ​ផល្គុន​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​ ២៥៦៦​ ត្រូវ​នឹង​ ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៤​និង​១៥​នាទី​ បុរស​ឈ្មោះ​ ញឹ​ម​ អឹ​ប​ អាយុ​៥១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ចក់​ចារ​ ឃុំ​ស្រែ​ឈូក​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​  ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ ខណៈ​ទៅ​ឆក់​ត្រី​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។​

​តប​តាម​ការ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​តាម​រយៈ​កូនស្រី​បង្កើត​របស់​ជន​រង​គ្រោះ​ ឈ្មោះ​ អឹ​ប​ អម​រ៉ា​ បាន​ឆ្លើយ​ប្រាប់​ថា​ ៖​ នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៣​និង​៣០​នាទី​ ឪពុក​របស់ខ្ញុំ​បាន​ចេញពីផ្ទះ​ទៅ​រក​ឆក់​ត្រី​នៅ​អូរ​រ៉ាង​លើ​ រហូត​ដល់​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ មិនឃើញ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ទេ​ ។​ ខ្ញុំ​ក៏​បានឱ្យ​ប្ដី​ខ្ញុំ​ និង​បងប្រុស​របស់ខ្ញុំ​ទៅ​តាម​រក​ ប៉ុន្តែ​រក​មិនឃើញ​ ។​ លុះ​ព្រឹក​ឡើង​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ ក៏​បាន​នាំ​គ្នា​ទៅ​រក​ទៀត​ ក្នុង​នោះ​មាន​ទាំង​កម្លាំង​ ប្រជា​ការពារ​ និង​អ្នក​ភូមិ​ ចំនួន​១៨​នាក់​ រហូត​ដល់​ម៉ោង​០៩​និង​៣០​នាទី​ ក៏​បាន​ទៅ​ដល់​ចំណុច​អូរ​រ៉ាង​ និង​បាន​ចែកផ្លូវ​គ្នា​ដើរ​រក​នៅ​ពេល​ចុះ​ទៅ​ដល់​ក្នុង​អូរ​ ចម្ងាយ​ប្រហែល​ ២០០​មែ​ត្រ​ ក៏​ប្រទះ​ឃើញ​សាកសព​ក្នុង​ទឹក​នៅ​លើ​អា​គុយ​ ដោយ​ដៃ​ទាំង​ពីរ​កាន់​ជាប់​ដង​ឆក់​ ក្នុង​សភាព​ហើម​មើល​មិន​ស្គាល់​ទៅ​ហើយ​ ។​

​តាម​ការ​សន្និដ្ឋាន​និង​កា​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ គឺ​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ម៉ាស៊ីន​ឆក់​ត្រី​ពិតប្រាកដ​មែន​ មិន​ពាក់ព័ន្ធ​និង​ករណី​រឿង​ព្រហ្មទណ្ឌ​ឡើយ​ ។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្ដិ៍​នគ​បាល​រដ្ឋបាល​ ឃុំ​ស្រែ​ឈូក​ បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅផ្ទះ​សព​ក្នុងភូមិ​ចក់​ចា​ ឃុំ​ស្រែ​ឈូក​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close