សមគំនិត ជាមួយ អ្នកនៅផ្ទះឧកញ៉ា ម្នាក់ យករថយន្តចិន ទៅលក់បានលុយជិត៨ម៉ឺន ដុល្លារ ឥឡូវ ជាប់គុកហើយ!

កណ្តាល៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក អឿង វណ្ណា នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យចំនួន០២នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើលួច» តាមមាត្រា២៩, មាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើង ទើបទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ។

ប្រភពបន្តថាវជនរងគ្រោះឈ្មោះ SONG PENG អាយុ ៣០ឆ្នាំ ជនជាតិចិន សញ្ជាតិចិន បច្ចុប្បន្នមានទីលំនៅ ស្នាក់នៅសណ្ឋាគារ BALI APARTMENT NO.5 សង្កាត់ទន្លេរបាសាក់ រាជធានីភ្នំពេញ។ប្រភពបន្តថា ជនត្រូវចោទមានឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកគួកជេរថយន្ដ ទី២ឈ្មោះ ស៊ុន ប៊ុនថេង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកគួកជេរថយន្ត។ ចំណែកជនសង្ស័យ០២នាក់ទៀតបានរត់គេចខ្លួនមានឈ្មោះ កុល ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិសុព័រទេព សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរអ្នកបើកបរ នៅផ្ទះឧកញ៉ា អុឹង ប៊ុនហូវ និងឈ្មោះ ជុំ សុវណ្ណ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មុខរបរអ្នកបើកបរ។

បើតាមលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះបានឲ្យអ្នកបើកបរឡានផ្ទាល់ខ្លួនឈ្មោះ ជុំ សុវណ្ណ ភេទប្រុស អាយុ៤៤ឆ្នាំ បើកឡានដឹកភ្ញៀវជនរងគ្រោះ ចេញពីចំណុចសណ្ឋាគារ BALI APARTMENT សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ឆ្ពោះទៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (ក្រុមហ៊ុន តៃភីងយ៉ាង) ហើយពេលទៅដល់គោលដៅឈ្មោះ ជុំ សុវណ្ណ បានដាក់ភ្ញៀវចុះពីឡាន ដោយភ្ញៀវបានប្រាប់ឈ្មោះ ជុំ សុវណ្ណ ថានៅថ្ងៃស្អែកចាំគេនឹងទាក់ទងឲ្យត្រឡប់មកទទួលយករូបគេវិញ។ លុះដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី ភ្ញៀវរបស់ជនរងគ្រោះបានទាក់ទងទៅកាន់ឈ្មោះ ជុំ សុវណ្ណ ដើម្បីមកទទួលយកគាត់ត្រឡប់ទៅវិញ ប៉ុន្តែនៅពេលខលទៅឈ្មោះ ជុំ សុវណ្ណ បែរជាមិនអាចទាក់ទងបាន ទើបភ្ញៀវជនរងគ្រោះ បានទាក់ទងមកជនរងគ្រោះផ្ទាល់ ក្រោយមកជនរងគ្រោះ ក៏បានព្យាយាមខលទៅឈ្មោះ ជុំ សុវណ្ណ បន្តទៀត នៅតែមិនចូល ទើបជនរងគ្រោះ ដឹងថាឈ្មោះ ជុំ សុវណ្ណ បានលួចឡានរបស់គាត់គេចខ្លួនបាត់ទៅហើយ។

លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បន្តថា លទ្ធផលស្រាវជ្រាវ ផ្អែកតាមការស្រាវជ្រាវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានរកឃើញឡាននៅការ៉ាស លក់-ទិញរថយន្តយីហោឈ្មោះ BT AUTO 168 ដែលមានទីតាំងនៅចំណុចផ្លូវលេខ២៧៣ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមឈ្មោះ ស៊ុន ចាន់ថេង បានឆ្លើយសារភាពថា ខ្លួនពិតជាបានយករថយន្ដទៅលក់ជាមួយឈ្មោះ កុល ប៊ុនថា, ឈ្មោះ ជុំ សុវណ្ណ នឹងឈ្មោះ សុខ រដ្ឋា ពិតប្រាកដមែន ហើយរថយន្ដនេះមិនមានឯកសារនោះទេ លក់បានតម្លៃចំនួន៧៧,០០០$ បានចែកប្រាក់ទៅឲ្យឈ្មោះ កុល ប៊ុនថា ចំនួន៤៩,០០០$ ឲ្យទៅឈ្មោះ សុខ រដ្ឋា ចំនួន៩,៣០០$ និងនៅសល់ចំនួន១៣,៨៩០$ ទុកខ្លួនឯង។

បើតាមឈ្មោះ សុខ រដ្ឋា បានឆ្លើយសារភាពថា ខ្លួនពិតជាបានយករថយន្ដទៅលក់ជាមួយឈ្មោះ ស៊ុន ចាន់ថេង, ឈ្មោះ កុល ប៊ុនថា នឹងឈ្មោះ ជុំ សុវណ្ណ ពិតប្រាកដមែន ហើយរថយន្ដនេះមិនមានឯកសារនោះទេ លក់បានតម្លៃចំនួន៧៧,០០០$ហើយខ្លួនបានទទួលកម្រៃជើងសារចំនួន៥០០០$ ចំណែកប្រាក់ដែលឈ្មោះ ស៊ុន ចាន់ថេង ផ្ទេរប្រាក់ចំនួន៩,៣០០$ ជាប្រាក់ដែលឈ្មោះ ស៊ុន ចាន់ថេង សងប្រាក់មកខ្លួន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close