កុំអោយចាញ់ទៅជាឈ្នះ ! អ្នកឈ្នះ ទៅជាចាញ់ទៀត! ឯកឧត្តម តែម ម៉ឺន៖អាជ្ញាកណ្ដាល ចៅក្រមរបស់សហព័ន្ធទាំងអស់ត្រូវមានឆន្ទៈក្នុងការបំពេញការងារ លើសង្វៀនប្រកួតអស់ពីចិត្ត
ភ្នំពេញ៖ នៅថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក និន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកអប់រំកាយ និងកីឡាបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរកម្រិតបឋមឆ្នាំ២០២២ នៅប្រជុំមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។
ឯកឧត្តម ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរបានឲ្យដឹងថា សិក្ខាកាមមានចំនួន៣៦រូប ដែលមាន២រូបជានារី ក្រៅពីនោះជាអតីតកីឡាករប្រដាល់ល្បីៗ ។
នេះជាវគ្គបឋមដែលការសិក្សាផ្ដោតសំខាន់ ទៅលើបច្ចេកទេស និងក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះបានទទួលវិញ្ញាបនប័ត្រមានតម្លៃសម្រាប់ការចូលរួមបំពេញការងារក្នុងការប្រកួតប្រដាល់គុនខ្មែរ ដោយមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរបន្ថែមទៀត និងផ្តល់ឱកាសឲ្យកីឡាករគុនខ្មែរដែលឈប់ការប្រកួតចង់ធ្វើជាអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរបន្ត ព្រមទាំងពង្រឹងបន្ថែម លើសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រមដើម្បីត្រៀមការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកឆ្នាំ២០២២ នាពេលខាងមុខ ។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានបន្តថា វគ្គនេះគឺចំណាយថវិកា របស់ក្រសួងអប់រំយុវជន និង កីឡា ហើយសិក្ខាកាមដែលភាគច្រើនជាគរុសិស្សមកពីវិទ្យា ស្ថានជាតិ អប់រំកាយ និងកីឡា មន្ទីរអប់រំកាយ និងកីឡា និងអតីត្តកីឡាករប្រដាល់គុនខ្មែរជាអ្នកមានចំណេះដឹង ខាងកីឡាខ្ពង់ខ្ពស់ ហេតុនេះពួកគេងាយនឹងទទួលយកនូវពុទ្ធិថ្មីៗទាំងអស់ ។ សិក្ខាកាមទាំងអស់មានចំណេះដឹង និង មានកាយសម្បទាល្អ គឺសហព័ន្ធមិនយកអ្នកមានកម្ពស់មិនគ្រប់គ្រាន់នោះទេ ។
ឯកឧត្តម បានបន្តថា សិក្ខាកាមជាអាជ្ញាកណ្ដាល ចៅក្រម ត្រូវមានឆន្ទៈក្នុងការបំពេញការងារនៅលើសង្វៀនប្រកួតដាច់ខាន មិនមែនរៀនចប់ ហើយប៉ុន្មានខែ ក្រោយមកបែរជាទទួលពិន័យ របស់សហព័ន្ធដោយការកាត់ក្តីមិនត្រូវត្រឹមនោះឡើយ ។ សម្រាប់ការបំពេញការងារ តាមស្ថានីយ៍ មិនមែនជាការជួលនោះឡើយ គឺជាការធ្វើការស្ម័គ្រចិត្ត មួយទៀត អាជ្ញាកណ្ដាល ចៅក្រមអញ្ជើញឲ្យមករៀន វគ្គអាជ្ញាកណ្ដាល ចៅក្រមមិនមករៀន ហើយចង់ធ្វើអាជ្ញាកណ្ដាល ចៅក្រមមិនអាចទៅរួច ដូច្នេះបើមិនមករៀន មិនអនុញ្ញាតឲ្យធ្វើអាជ្ញាកណ្ដាល ចៅក្រមតាមស្ថានីយ៍ឬឈប់រហូតតែម្តង ៕