ករណីអំពើហិង្សាក្នុងគ្រួសារ នៅឃុំក្រាំងយ៉ូវ ជនសង្ស័យឈ្មោះ រត់គេចខ្លួន…!

ខេត្តកណ្តាល៖ យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបជូនសារធារណជន និងបណ្តាញសារព័ត៌មាន ដែលបានផ្សព្វផ្សាយនូវវីដេអូ ករណីអំពើហិង្សាក្នុងគ្រួសារ នៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកស្អាង ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨ និង២០នាទី។

បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីអំពើហិង្សាក្នុងគ្រួសារ នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ភ្លាមនោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានដឹនាំកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារ ចុះទៅដល់កន្លែងកើតហេតុ នៅផ្ទះរបស់ឈ្មោះ ហួង ហាន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ពេលនោះឈ្មោះ ហួន ហាន បានឃើញកម្លាំងសមត្ថកិច្ចទៅដល់ក៏បានរត់គេចខ្លួន ទៅតាមខាងក្រោយផ្ទះ ដោយក្នុងដៃមានកាន់កាំបិតផ្គាក់ចំនួន ០១ជាប់តាមខ្លួន។ លុះព្រឹកឡើងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៨ និង០០នាទីព្រឹក ឈ្មោះ សែម តេង ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាប្រពន្ធរបស់ឈ្មោះ ហួន ហាន បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ពីបទ៖ អំពើហិង្សាក្នុងគ្រួសារ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ បានចុះបន្តទៅស្វែងរកឈ្មោះ ហួន ហាន ដល់ផ្ទះជាលើកទី២ ឈ្មោះហួន ហាននបានរត់គេចខ្លួនបាត់ទៀត រហូតដល់វេលាម៉ោង១១ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ បានសហការការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងកម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ រស្មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បន្តស្វែងរកឈ្មោះ ហួន ហាន ក្នុងពេលនោះក៏ប្រទះឃើញឈ្មោះ ហួន ហាន កំពុងរត់គេចពីសមត្ថកិច្ចតាមវាលស្រែ ក្នុងដៃមានកាន់កាំបិតផ្គាក់ចំនួន០១ រត់ទៅសម្ងំពួននៅក្នុងត្រពាំងទឹកជ្រៅមួយ មានព្រៃក្រាស់លាក់ខ្លួននៅក្នុងទឹកនោះ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងប្រើវិធីបញ្ចុះបញ្ចូល ប៉ុន្តែ ឈ្មោះ ហួន ហាន មិនព្រមឡើងពីក្នុងទឹកមកតាមសម្រួលឡើយ។ បន្ទាប់ពីធ្វើការតស៊ូជាមួយ ឈ្មោះ ហួន ហាន អស់រយៈពេលប្រហែល ៦០នាទី កម្លាំងសមត្ថកិច្ចយើងបានសម្រេចចិត្តដកឃ្លាសិន ត្រឡប់មកប៉ុស្តិ៍នគរបាលរដ្ឋបាលវិញ ប្រមូលផ្ដុំសំណុំរឿងធ្វើរបាយការណ៍ជូនផ្នែកជំនាញចាត់ការបន្តតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ហួន ហាន រត់គេចខ្លួន មិនឃើញនៅក្នុងមូលដ្ឋាននោះទេ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕

អត្ថបទដែលជាប់ទាក់ទង
Open

Close