រថយន្ត ដឹកទំនិញ ធំៗជាច្រើនគ្រឿង ពីប្រទេសថៃ ឆ្លងកាត់តាម ប្រទេសកម្ពុជា ចូលទៅ ប្រទេសវៀតណាម តាមច្រករបៀង គោកតែក ស្រុកចន្ទ្រា អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ មិនមានចំណាត់ការ!

ខេត្ដស្វាយរៀង ៖ ប្រភពច្បាស់ការ បញ្ជាក់ប្រាប់ថា រថយន្តដឹកទំនិញធុនធំៗ ជាច្រើនគ្រឿង បានសម្រុកដឹកទំនិញគេចពន្ធចូលតាមច្រករបៀង គោកតែក ស្រុកចន្ទ្រា ខេត្តស្វាយរៀងយ៉ាងអាណាធិបតេយ្យ ជាពិសេសជាងគេគឺនៅពេលយប់តែម្ដងដោយរំខានដល់បងប្អូនប្រជាពលរដ្ឋធ្វើឲ្យខូចផ្លូវក្នុងភូមិ ផ្លូវមានជង្ហុក ហើយពេលខ្លះបណ្ដាលឲ្យទាក់ដាច់ខ្សែភ្លើងរបត់រប៉ាយពេញផ្លូវផងដែរ ដែលជាក្តីបារម្ភសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅទីនោះ ក្រែងមានគ្រោះថ្នាក់ណាមួយកើតឡើងដោយយថាហេតុ។

ពលរដ្ឋ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា រថយន្តធុនធំជាច្រើនគ្រឿងដឹកទំនិញសំពីងសំពោងទៅប្រទេសវៀតណាម ក្នុងរថយន្តនោះមានបង្កប់ទៅដោយគ្រឿងអេឡិចត្រូនិកជាច្រើន ដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនព្រីន និងទូទឹកកក..៘ ទំនិញទាំងនោះដឹកជញ្ជូនពីប្រទេសថៃឆ្លងកាត់ប្រទេសកម្ពុជាទៅប្រទេសវៀតណាមដោយគេចពន្ធមិនបានបង់ថវិកាចូលរដ្ឋនោះឡើយ ដោយគេសង្ស័យថាអាចនឹងចូលហោប៉ៅរបស់មន្ត្រីមួយចំនួនទៅវិញហើយមើលទៅ ជាពិសេសនៅតំបន់នោះស្ថិតក្រោមការគ្រប់គ្រងរបស់លោក វរសេនីយ៍ទោ យ៉ន សុផល មេបញ្ជាការវរសេនាតូចលេខ ៦០៩ តែម្តង។

ពលរដ្ឋ បានដាក់ការសង្ស័យថា ទំនងជា លោក យ៉ន សុផល មិនដឹងទេឬ ឬមួយដឹងហើយ មិនមានចំណាត់ការ? មានរថយន្តធុនធំដឹកទំនិញគេចពន្ធជាច្រើនគ្រឿង នៅពេលយប់ ឆ្លងកាត់តាមច្រករបៀង (គោកតែក) ស្រុកចន្ទ្រា ទៅប្រទេសវៀតណាម ឬមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាអស់ហើយទេដឹងទើបរថយន្តទាំងនេះចេញចូលបានយ៉ាងរលូន បែបនេះ។

ពលរដ្ឋ សង្ឃឹមជឿជាក់ លើឯកឧត្តម ម៉ែន វិបុល សូមជួយពិនិត្យមើលលោកអភិបាលស្រុកចន្ទ្រាផង ជាពិសេសគឺ លោកវរសេនីយ៍ទោ យ៉ន សុផល មិនគួរណាបណ្ដែតបណ្ដោយ ឲ្យក្រុមរថយន្តធំៗ ទាំងនោះ ដឹកទំនិញគេចពន្ធបានយ៉ាងងាយស្រួលបែបនេះ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថា តើមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកចន្ទ្រា ក៏ដូចជាលោកយ៉ន សុផល ហ៊ានពិនិត្យនិងមានចំណាត់ការការលើក្រុមរថយន្តដឹកទំនិញគេចពន្ធឆ្លងដែនទៅប្រទេសវៀតណាមដែរ ឬទេ?

អង្គភាពសារព័ត៌មានយើង រង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយ ពីអាជ្ញាធរ ពាក់ព័ន្ធ និងសមីភាគីទាំងអស់ រៀងរាល់ម៉ោងធ្វើការ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close