តើពិតទេ? កូនប្រុសម្ចាស់រណ្ដៅដី នៅឃុំអន្លង់រមៀតថា រណ្ដៅដីគាត់មានច្បាប់ត្រឹមត្រូវ ព្រោះអ៊ំប្រុសគាត់ (អ្នកធំ) ជាអ្នកជួយរត់ការអោយ

កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋជុំវិញបញ្ហារណ្ដៅដីមួយកន្លែងដែលម្ចាស់រណ្ដៅបានកំពុងកាយជីកយ៉ាងជ្រៅនិងមានទំហំគួរឲ្យព្រឺព្រួចនៅក្នុងភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កូនប្រុសម្ចាស់រណ្តៅដីឈ្មោះ អុី ចេង ខាងលើ បានអះអាងប្រាប់ឲ្យបណ្ដាញសារព័ត៌មានយើងដឹងយ៉ាងច្បាស់ៗថា រណ្ដៅដីដែលគាត់កំពុងធ្វើសកម្មភាពនេះគឺមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល ដែលមានទំហំសរុបចំនួន៧ហិកតា និងជម្រៅ៣០ម៉ែត្រ។

កូនប្រុសម្ចាស់រណ្តៅដីខាងលើបានបន្តថា គាត់ទើបជីកបានតែ ២២ម៉ែត្រតែប៉ុណ្ណោះ ព្រោះខាងក្រោមសិទ្ធិតែថ្ម ជីកពុំកើតនោះទេ។

អ្នកមើលការខុសត្រូវរណ្តៅដីខាងលើបន្តអះអាងថា រណ្ដៅដីរបស់គឺមានច្បាប់អនុញ្ញាតពីក្រសួងរ៉ែនិងថាមពលត្រឹមត្រូវ ព្រោះអ៊ំប្រុសគាត់(អ្នកធំ) ជាអ្នកជួយរត់ការអោយ។

តាមប្រភពព័ត៌មានផ្សេងទៀតបានប្រាប់ឲ្យសារព័ត៌យើង ដឹងថា សព្វថ្ងៃនេះ ម្ចាស់រណ្ដៅដីខាងលើបានលក់អាចម៍ដីដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពោលគឺលក់យកលុយដាក់ហោប៉ៅឯកជន និងមិនបានរំខានដល់អាជ្ញាធរពាក់ព័ន្ធនោះទេ។

ប្រភពបន្តថា សកម្មភាពរបស់ក្រុមឈ្មួញកំពុងតែធ្វើឱ្យបាត់បង់សម្បត្តិធម្មជាតិ បង្កឱ្យមានការប៉ះពាល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរ ព្រោះរណ្ដៅដីនោះ មានទំហំធំ ជម្រៅជ្រៅខ្លាំង គ្មានរបងហ៊ុមព័ទ្ធជុំវិញត្រឹមត្រូវ ជាពិសេសក្រុមរថយន្តដឹកដីទាំងនោះ បើកបរក្នុងល្បឿនលឿន បំផ្លាញផ្លូវថ្នល់និងហុយដី ចូលលំនៅឋាន បង្កឲ្យប៉ះពាល់ដល់សុខភាពសាធារណៈនៅសងខាងផ្លូវ។

ប្រភពព័ត៌មាន បានឲ្យដឹងបន្ថែមទៀតថា កន្លងមកម្ចាស់រណ្ដៅដីខាងលើធ្លាប់ប្រាប់អ្នកកាសែតថា ច្បាប់អាជីវកម្មគាត់បានស្នើសុំទៅក្រសួងរ៉ែថាមពល ដើម្បីធ្វើអាជីវកម្ម រយៈពេល២ឆ្នាំមកហើយប៉ុន្តែមិនទាន់បានចេញច្បាប់អាជីវកម្មមកឱ្យគាត់នៅឡើយទេ។

ប្រភពបន្តថា គាត់អាចជីកយកអាចម៍ដីលក់រាប់ខែមកហើយ ដោយយកលុយទៅជូនអ្នកនេះអ្នកនោះ ជាថ្នូរនឹងការដែលគេមិនរករឿង។

ប្រភពបានប្រាប់ឲ្យដឹងទៀតថា រណ្ដៅដីភាគច្រើនអត់ច្បាប់ត្រឹមត្រូវទេ ដោយអាជ្ញាប័ណ្ណខ្លះត្រឹមខេត្ត ប៉ុន្តែជាក់ស្ដែងគេជីកយ៉ាងជ្រៅស្ទើរដល់ក្បាលប្រេតទៅហើយ។

ទាក់ទិនករណីរណ្ដៅដីខាងលើ លោក ណុប តារា អភិបាលរងខេត្តកណ្ដាលបានប្រាប់ឲ្យបណ្ដាញសារព័ត៌មានយើង ដឹងនៅល្ងាចនេះថា កន្លងមកលោកធ្លាប់បានដឹកនាំកម្លាំងចុះទៅពិនិត្យនិងបានឲ្យមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាលធ្វើការផាកពិន័យម្ដងរួចមកហើយ ប៉ុន្តែពេលនេះ លោកមិនច្បាស់ទេថា រណ្តៅដីខាងលើនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវឬក៏នៅទេ ដោយលោកឲ្យអ្នកសារព័ត៌មានយើងជួយសហការផ្ញើរូបភាព វិដេអូ និងទីតាំងដើម្បីគាត់នឹងចុះពិនិត្យនាពេលក្រោយ៕ 

អត្ថបទដែលជាប់ទាក់ទង
Open

Close