ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមស្រាយបំភ្លឺជុំវិញការផុសផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ ឃុន លួងឆៃ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានខ្លឹមសារថា ករណីធាក់យកម៉ូតូមិនបានសម្រេច ធ្លាប់តែឃើញព័ត៌មានឥឡូវធ្លាក់លើគ្រួសារខ្ញុំ ផ្ទាល់ក្មេងស្រីកំពុងពេញស្រលាញ់រូប ស្រលាញ់រាងឥឡូវមុខខ្ទេច។
ករណីនេះបង្កឡើងដោយជនសង្ស័យជិះ ម៉ូតូ ៣គ្រឿង មានគ្នា ០៦នាក់ រវាងផ្លូវបញ្ច្រាសទិសនៅចន្លោះម៉ោង ០៥-០៦ល្ងាច ស្ថិតត្រង់ចំណុចផ្លូវខាង កើតវត្តមង្គលមានល័ក្ខណ៍(វត្តត្រពាំងគល់) ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ តាកែវទៀត ហើយបងប្អូនប្រយ័ត្នប្រយែងផង ខ្ញុំសុំស្នើដល់បងបងប៉ូលីសជួយអន្តរាគមន៍ផង អរគុណសន្តិភាព។
បន្ទាប់ពីបានឃើញនូវព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចុះធ្វើការស្រាវជ្រាវបន្ទាន់ ដោយបានសុំធ្វើការបំភ្លឺផ្ទាល់ពីជនរងគ្រោះបានឱ្យដឹងថា ករណីខាងលើកើតឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១០នាទី តាមបណ្ដោយផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ១១-១២ ស្ថិតក្នុងភូមិអង្គត្រា ឃុំ ត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានជនរងគ្រោះឈ្មោះ ថេត ដាវី ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ(ត្រូវជាបងប្អូនជីដូនមួយជាមួយម្ចាស់គណនី ឃុនលួងឆៃ) បានជិះមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AC 9343 ចេញពីសាលារៀនភាសាចិន នៅក្នុងវត្តមង្គលមានល័ក្ខណ៍ ហៅ វត្តត្រពាំងគល់ លុះមកដល់ចំណុចកើតហេតុ រៀបនឹងបត់ឆ្លងផ្លូវទៅខាងស្តាំ ក៏មានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនច្បាស់ផ្លាកលេខ ចំនួន០៣គ្រឿង (ម៉ូតូមួយជិះគ្នា២នាក់) ជិះស្របទិសពីកើតទៅលិច បានបើកភ្លើងញ៉ាក់ដាក់ ពេលនោះម៉ូតូមួយគ្រឿងបើកបរយ៉ាងលឿន តែមិនបានបុកទេ ដោយភាគីម្ខាងទៀតយកជើងធាក់ម៉ូតូជនរងគ្រោះដែលឈប់នោះ ទើបបណ្ដាលឱ្យម៉ូតូជនរងគ្រោះដួលរងរបួស ចំណែកម៉ូតូភាគីម្ខាងទៀតមិនបានដួលក៏ជិះហួសគេចខ្លួនទៅទិសខាងលិចបាត់ទៅ ។ តាមរយៈការសាកសួរផ្ទាល់ជនរងគ្រោះ និងភូមិសាស្ត្រកន្លែងកើតហេតុ យើងសន្និដ្ឋានករណីខាងលើមិនមែនជាករណីធាក់ផ្តួលប៉ុនប៉ងប្លន់ម៉ូតូនោះទេ គឺជាករណីគ្រោះថ្នាក់ចរចរណ៍ ដោយម៉ូតូទាំងសងខាងជិះបញ្ច្រាស់ផ្លូវ ម្យ៉ាងវិញទៀតម៉ូតូជនរងគ្រោះបានឈប់នឹងមួយកន្លែងទៅហើយដើម្បីបម្រុងនឹងបត់ គ្មានហេតុផលណាក្រុមជនល្មើសចាំបាច់ជិះលឿនធាក់ផ្តួលនោះទេ ណាមួយកន្លែងពេលកើតហេតុក៏មានអ្នកដំណើរច្រើនឆ្លងកាត់ផងដែរ ។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ ចំពោះគេហទំព័រសារព័ត៌មាន អនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គមFacebook ដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment) នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥)របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហាអវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនា ជៀសវាងការផរិះគន់ ឬផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់សិទ្ធសេរីភាពឯកជន អាចប្រឈមមុខផ្លូវច្បាប់ និងដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ៕ សូមអរគុណ!!