ខ្មាន់កាំភ្លើងម្នាក់ បាញ់បោះដោយសេរី ទៅលើបុរសម្នាក់ ជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ! ស្នងការ បំភ្លឺថា…!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន Sethakeck News ដែលបានចុះផ្សាយមានខ្លឹមសារថា ៖ ករណីខ្មាន់កាំភ្លើងម្នាក់បាញ់បោះដោយសេរី ទៅលើបុរសម្នាក់ត្រូវចំជើងខាងស្តាំពីមុខ ត្រង់ក្បាលជង្គង់ធ្លុះដល់ភ្លៅផ្នែកខាងក្រោយកាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់ពេលនេះជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីឈានទៅដល់ការឃាត់ខ្លួនមុខសញ្ញា និងការឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេះឱ្យបាន។
បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសឱ្យខានតែបាន។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប៕