ព្រៃវែង ៖ បនល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងទាក់ទាញក្រុមអ្នកញៀនល្បែងមកលេងភ្នាល់ដាក់លុយយ៉ាងអាណាធិបតេយ្យនៅផ្ទះឈ្មោះ (ណន)ស្ថិតនៅភូមិសុបិន ឃុំព្រៃខ្លា ស្រុកស្វាអន្ទរខេត្តព្រៃវែង។
ពលរដ្ឋបានលួចបង្ហើបថា បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រពន្ធ័អនឡាញមួយកន្លែងនេះមិនដែលឃើញមាន អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាចុះមកបង្ក្រាបនោះឡើយ បណ្ដែបណ្ដោយឱ្យបនល្បែងជល់មាន់តាមអនឡាញ នេះ បើកដំណើរការបានយ៉ាងរលូន ពង្វក់ស្មារតីពលរដ្ឋ ខ្មែរឲ្យលេង ខ្លះចាញ់លុយអស់រាប់លានរៀលក្នុងមួយថ្ងៃៗ ពេលខ្លះកើតជាអំពើហិង្សាក្នុងគ្រួសារទៀតផង ។
សូមរំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធនឹងករណីល្បែងស៊ីសងខាងលើនេះនៅថ្ងៃទី 15 ខែកុម្ភៈឆ្នាំ 2023 អង្គភាពសារព័ត៌មានបានរាយការណ៍ទៅលោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ លោកបាននិយាយមួយម៉ាត់យ៉ាងខ្លីថាបានហើយ ។
មហាជនសុំសំណូមពរដល់លោក ព្រំ សន្ធរ ស្នងការខេត្តព្រៃវែង មេត្តាមានវិធានការចាត់កម្លាំងក្រោមឱវាទចុះបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផងទាន! ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ។