លោកជំទាវ ហ៊ឹម ម៉ាលី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំសង្កែ ស្រុករំដួលចូលរួមថវិកា ជាង៥លានរៀល កសាងព្រះវិហារវត្តកំពង់អំពិល

ខេត្ដស្វាយរៀង ៖ នៅថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ លោកជំទាវ ហ៊ឹម ម៉ាលី រួមនឹងកូនចៅ បានអញ្ជើញចូលរួមបុណ្យផ្កាមហាសាមគ្គី នៅវត្តកំពង់អំពិល ស្ថិតនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ។

ពិធីបុណ្យផ្កាមហាសាមគ្គីនេះ បានផ្តួចផ្តើមឡើងដោយព្រះសង្ឃគង់នៅវត្តលង្ការ រាជធានីភ្នំពេញ និងឯកឧត្ដម លោកជំទាវ និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាពុទ្ធិបរិស័ទក្នុងនិងក្រៅប្រទេស ដើម្បីប្រមូលបច្ច័យសាងសង់ព្រះវិហារវត្តកំពង់អំពិល ដែល ស្ថិតនៅភូមិកំពង់អំពិល ឃុំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ពីធីបុណ្យផ្កាសាមគ្គីនេះធ្វើឡើងតបតាមសំណូមពររបស់ប្រជាជន និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងអាជ្ញាធរមូលដ្ឋាន។

បើយោងតាមរបាយការណ៍ របស់គណៈកម្មការអាចារ្យវត្តកំពង់អំពិល បានបញ្ជាក់ឲ្យដឹងថា ពិធីបុណ្យផ្កាសាមគ្គីខាងលើនេះដែរ លោក ស្រីហ៊ឹម ម៉ាលី សមាជិកថ្នាក់កណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំ សង្កែ ស្រុករំដួល បានចូលរួមថវិកា ចំនួន(៥៤០០០០០) រៀល។

ដោយឡែក ឯកឧត្តម ឧត្តមសេនីយទោ ហេង ឡាលីន និងលោកជំទាវ សេង សុវីរដ្ឋា ដែលត្រូវជាកូនបង្កើត របស់លោក បានចូលបុណ្យផ្កាជាមាស១ដំឡឹង ដើម្បីបញ្ចុះកំពូលព្រះវិហារផងដែរ។

ចៅអធិការវត្ត និងគណ:កម្មការអាចារ្យវត្តកំពង់អំពិល សូមឧទ្ទិសមគ្គុផលនៃបុណ្យផ្កាសាមគ្គីនេះ ជូនចំពោះឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំមន្រ្តីរាជការព្រមទាំងបងប្អូនប្រជាជនទាំងអស់ សូមសមប្រកបតែនឹងពុទ្ធពរទាំង៤ ប្រការ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close