ធ្លាយរឿង អាស្រូវ ទៀតហើយ! មន្ដ្រី និងបុគ្គលិក សាលាសង្កាត់ចោមចៅទី១ ទម្លាយរឿង បាត់លុយ ជាង២០០លានរៀល សម្រាប់បើកប្រាក់រង្វាន់ ខណៈចៅសង្កាត់អះអាងថា មិនដឹងរឿងលុយនេះទេ!
ភ្នំពេញ៖ ប្រាក់រង្វាន់ សម្រាប់ផ្ដល់ជូនដល់បុគ្គលិក មន្រ្តីរាជការ សាលាសង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានមកពីវិស័យពន្ធដារ និងសូរិយោដី នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០កន្លងទៅនេះ បានបាត់អស់ជាង ២០០ លានរៀល ដោយពុំដឹងមូលហេតុ។
មន្រ្តីសាលាសង្កាត់ បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយ ឲ្យដឹងថា សម្រាប់ប្រាក់រង្វាន់ដែលបានមកពីផ្នែកពន្ធដារនៅក្នុងឆ្នាំ២០១៩នោះ ប្រាក់ដែលបានដកចេញពីធនាគារមកចែកជូនដល់បុគ្គលិក មន្រ្តីរាជការសាលាសង្កាត់ចោមចៅទី១ មានចំនួន១៦២,៧៥៨,០០០រៀល។ ប៉ុន្តែលោកចៅសង្កាត់ បានយកមកចែកដល់បុគ្គលិក មន្ត្រីរាជការតែ ចំនួន ៧៨,៦៣៩,០០០ រៀលតែប៉ុណ្ណោះ រីឯប្រាក់នៅសល់ចំនួន ៨៤,១១៩,០០០ រៀលទៀត បាត់គ្មានមូលហេតុ។
ដោយឡែក នៅក្នុងឆ្នាំ២០២០ ប្រាក់ដែលដកចេញពីធនាគារចំនួន១៥១,១៣៧,៨០០រៀល ប៉ុន្តែចែកដល់បុគ្គលិក មន្រ្តីរាជការតែចំនួន១១០,០៨៧,៨០០រៀលប៉ុណ្ណោះ។ ចំណែកប្រាក់នៅសល់ចំនួន៤៩,៤៥៨,០៥៤រៀលទៀត ពុំដឹងយកទៅណាឡើយ ហើយសរុបឆ្នាំ២០១៩-២០២០ ប្រាក់ដែលបាត់អត់ឃើញចែកដល់បុគ្គលិកមន្រ្តីរាជការចំនួន១៣៣,៥៧៧,០៥៤រៀល។
មន្ដ្រីដដែលបានបន្ដទៀតថា ប្រាក់រង្វាន់ដែលបានមកពីផ្នែកសូរិយោដី នៅក្នុងឆ្នាំ២០១៩ ចំនួន១៤៧,៥០៦,០០០រៀល ចែកជូនបុគ្គលិកមន្រ្តីរាជការអស់តែចំនួន៨៦,៧៥៦៥០០រៀលប៉ុណ្ណោះ នៅសល់ចំនួន៦០,៧៤៩,៥០០រៀលទៀតអត់ចែក។ នៅក្នុងឆ្នាំ២០២០ ប្រាក់រង្វាន់សរុប ចំនួន៥២,៣៨៤,៩០០រៀល ប៉ុន្តែចែកជូនបុគ្គលិកមន្រ្តីរាជការអស់តែចំនួន ៤០,៨១៤,៧០០ រៀលតែប៉ុណ្ណោះ ចំណែកប្រាក់នៅសល់ចំនួន ១១,៥៧០,២០០ រៀល ទៀតអត់ចែក ហើយបាត់សូន្យឈឹងសរុបទាំងឆ្នាំ២០១៩ និង២០២០ ប្រាក់ដែលបាត់ចំនួន៩៦,២៥៨,៦៦០រៀល។ ដូច្នេះប្រាក់រង្វាន់ដែលបាត់ទាំងផ្នែកពន្ធដារ និងសូរិយោដី ក្នុងឆ្នាំ២០១៩ និង២០២០ សរុបចំនួន២២៩,៨៣៥,៧១៤រៀល។
ប្រភពព័ត៌មានខាងលើអះអាងថា ប្រាក់ទាំងនោះទាល់តែមានការសុីញ៉េរពីលោកចៅសង្កាត់ ទើបបើកពីធនាគារបាន ហើយស្មៀនជាអ្នកទៅបើក ប៉ុន្តែពុំដឹងថាមូលហេតុអី ទើបបាត់ដល់ទៅជាង២០០លានរៀនបែបនេះ។
ដោយសារតែមានបញ្ហាបាត់លុយអត់ដឹងមូលហេតុនោះ ទើបស្មៀនសង្កាត់ម្នាក់ ត្រូវបានដកចេញពីតំណែងដោយសង្ស័យថា ឃុបឃិតជាមួយលោកចៅសង្កាត់សុីដាច់លុយជាង២០០លានរៀលនោះ។ មិនតែប៉ុណ្ណោះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បុគ្គលិកមន្រ្តីរាជការទាំងអស់បាននាំគ្នាផ្ដិតមេដៃ ប្ដឹងចូលទៅកាន់គណៈកម្មាធិការគណបក្សប្រជាជនខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំផ្លាស់ប្ដូរលោកចៅសង្កាត់រូបនោះចេញផងដែរ។
ដោយនៅក្នុងពាក្យបណ្ដឹង បានលើកឡើងពីកំហុសចំនួន៨យ៉ាងរបស់លោក កង វង ក្នុងនោះក៏មានការពាក់ព័ន្ធអំពើពុករលួយផងដែរ ហើយបន្ទាប់មកបានឃើញខាងមន្រ្តីអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះធ្វើអធិការកិច្ចម្ដងដែរ។
ចំណែក លោក កង វង ចៅសង្កាត់ចោមចៅទី១ បានអះអាងថា លោកអត់បានដឹងព័ត៌មានទាំងអស់នេះ ឡើយ ព្រោះស្មៀនជាអ្នកទៅបើកយកមកបែងចែកជូនដល់មន្រ្តី ហើយបាត់ ឬយ៉ាងណាលោកអត់បានដឹង។
ប្រជាពលរដ្ឋ សង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យរឿងខាងលើ ដោយក្តីអនុគ្រោះផងចុះ។