បាត់ដំបង៖ រថភ្លើងដឹកស្រូវមួយខ្សែ ចេញពីស្រុកថ្មគោល មានចំនួន១០ទូ គោលដៅឆ្ពោះទៅខេត្តព្រះសីហនុ ខណះតៃកុងកំពុងបើកបរ ស្រាប់តែធ្លាក់កុងទីន័រ ទៅលើផ្ទះប្រជាពលរដ្ឋបណ្តាលអោយបាក់ខូចខាតយ៉ាងដំណំ ចំណែកប្រជាពលរដ្ឋបានរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់ ផ្អើលពេញភូមិ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១៣ ខែគុម្ភះ ឆ្នាំ២០២៣ ចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីប្រជាពលរដ្នបានអោយដឹងថា៖ជាទូទៅ រថភ្លើងដឹកទំនិញ បើកបរក្នុងល្បឿនលឿន ដោយសារពួកគេគិតថារថភ្លើងមានផ្លូវតែមួយ បើកបរយ៉ាងរញ្ជួយដី មិនខ្វល់ខ្វាយអំពីអាយុជីវិតអ្នកដទៃឡើយ ជាពិសេស នៅចំណុចដែលមានផ្លូវរថយន្ត ម៉ូតូ ឬយានជំនិះផ្សេងៗឆ្លងកាត់ ពេលខ្លះមិនមានបុគ្គលិកចាំសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនោះទេ។
យោងតាមប្រភពពីមន្រ្តីអយស្ម័យយានម្នាក់បានលើកឡើងថា៖ទូរថភ្លើងដែលក្រឡាប់នេះគឺបណ្តាលមកការផ្ទុកទំនិញលើសទម្ងន់និងផ្លូវទើបតែជួសជុលរួចមិនទាន់រឹងមាំទើបរអិលធ្លាក់ផ្លូវក្រឡាប់ចំលំនៅដ្ឋានប្រជាពលរដ្ឋថែមទាំងខកពេលវេលាក្នុងការដឹកជញ្ជូនទំនិញអោយក្រុមហ៊ុនកំពុងរងចាំនៅខេត្តព្រះសីហនុ។
គ្រោះថ្នាក់នេះគឺសំណាងល្អហើយដែលមិនបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ។
ជាចុងក្រោយប្រជាពលរដ្ឋបានសំណូមពរសុំអោយតៃកុងរថភ្លើងបន្ថោយល្បឿនក្នុងក្រុងនិងម្ចាស់ក្រុមហ៊ុនកុំដឹកទំនិញច្រើនពេក ត្រូវចេះគិតអំពីសុវត្ថភាពពលរដ្ឋដែលរស់នៅក្បែរផ្លូវរថភ្លើងដោយក្តីអនុគ្រោះផង៕
ដោយ ៖ សុខ កុសល