សម្តេចតេជោ ៖ ក្នុងនាមរាជរដ្ឋាភិបាល ត្រូវការពារកិត្តិយស របស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅ!

ភ្នំពេញ៖ នៅថ្ងៃទី១២ កុម្ភៈ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់បន្ថែម ក្នុងផេកផ្លូវការ ដែលមានខ្លឹមសារ ទាំងស្រុងដូចខាងក្រោម  ៖  តើការប្រើពាក្យសោកស្តាយ និងសូម អធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។

តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តមផៃ សុីផានពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។

ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់
គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់
ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺហ៊ុន ម៉ាណែតដែលគាត់
ពុំបានដឹងរឿងអ្វីសោះ។តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។

ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោស របស់អស់លោក ដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។

ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយស របស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទី ថ្ងៃ១៣កុម្ភះ២០២៣ជាកំហិត។

សូមសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះ ឲ្យបានគង់វង្ស។
យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ។

សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។

សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះ ស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close