ស្នងការខេត្តតាកែវ បើកកិច្ចប្រជុំ ពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម..!
ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបន្តដឹកនាំកិច្ចប្រជុំ “ស្តីពីការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម នៅអធិការដ្ឋាននគរបាលស្រុកអង្គរបូរី និងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ” ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯក ស្នងការរងផែនសេនាធិការ សន្តិសុខ សណ្តាប់ធ្នាប់ ព្រហ្មទណ្ឌ គ្រឿងញៀន លោកស្នងការរងចុះជួយស្រុក លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់ គ្រឿងញៀន លោកអធិការ អធិការរង លោកនាយ នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី និងស្រុកព្រៃកប្បាស។
មានប្រសាសន៍ផ្តាំផ្ញេីនាឱកាសនោះ លោកស្នងការ បានណែនាំដល់លោកស្នងការរងទទួលផែន ការិយាល័យជំនាញ បន្តចុះប្រជុំពង្រឹងជំនាញបន្ថែមដល់កម្លាំងអធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវក្តាប់មុខសញ្ញាព្រហ្មទណ្ឌក្មេងទំនេីង ល្បែងស៊ីសង ជាពិសេសមុខសញ្ញាបង្កការអុកឡុកនៅក្នុងមូលដ្ឋាន ដោយត្រូវរៀបចំកម្លាំងភ្នាក់ងារផ្តល់ព័ត៍មានពាក់ព័ន្ធសន្តិសុខ ព្រហ្មទណ្ឌ និងគ្រឿងញៀន ។ ទទ្ទឹមនោះដែរវិធានការបង្ការត្រូវអនុវត្តជាប្រចាំក្នុងការល្បាតពួនស្ទាក់តាមផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងភូមិសាស្រ្តស្មុគស្មាញ ដេីម្បីស្រាវជ្រាវបង្ក្រាបបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅធានានូវសុខសុវត្ត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ត្រូវបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់ថ្នាក់ ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវជាតិ ទីប្រជុំជន សំដៅរកឃេីញមុខសញ្ញាប្រព្រឹត្តបទល្មេីសផ្សេងៗ។
ពាក់ព័ន្ធបណ្តាញសង្គម លោកស្នងការ បានណែនាំដល់លោកអធិការ ត្រូវរៀបចំ និងជម្រុញក្រុមតាមដានមុខសញ្ញាបង្ហោះសារ ជេរប្រមាថថ្នាក់ដឹកនាំ ជាពិសេសបន្តគ្រប់គ្រងសកម្មភាពអង្គការ សមាគម ចលនាប្រឆាំង គណបក្សនយោបាយ ប្រមូលព័ត៍មានរូបភាពខ្លឹមសារ ដេីម្បីរក្សាទុកជាភស្តុតាងសម្រាប់ដាក់បន្ទុក។
ចំពោះការងារចរាចរណ៍ ត្រូវបន្តចុះផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អប់រំណែនាំប្រជាពលរដ្ឋឱ្យពាក់មួក ដាក់កញ្ចក់ បេីកបរត្រូវគោរពច្បាប់ និងត្រូវណែនាំប្រជាពលរដ្ឋកុំឱ្យខ្លាចនគរបាល ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីកាត់បន្ថយគ្រោះថ្នាក់កេីតឡេីង។
ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវបន្តចុះធ្វេីវេទិកាសាធារណ: ការផ្សព្វផ្សាយ និងត្រូវធ្វេីបច្ចុប្បន្នភាពកម្លាំងប្រជាការពារឡេីងវិញ ដេីម្បីប្រេីប្រាស់ជាកម្លាំងជំនួយក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ក្នុងនោះលោកស្នងការ បានណែនាំដល់លោកអធិការ លោកនាយប៉ុស្តិ៍ ត្រូវពន្លឿនការផ្តល់សេវាសាធារណ: សៀវភៅស្នាក់នៅក២ សៀវភៅគ្រួសារក៤ អត្តសញ្ញាណប័ណ្ណ ដោយត្រូវយកទៅប្រគល់ជូនប្រជាលរដ្ឋឱ្យដល់តាមខ្នងផ្ទះ និងមិនត្រូវប៉ះពាល់ផលប្រយោជន៍ពីប្រជាពលរដ្ឋឡេីយ។
ពាក់ព័ន្ធការងារអភិវឌ្ឍអង្គភាព លោកស្នងការ បានណែនាំដល់លោកអធិការ ត្រូវចេះចលនាគៀងគរស្វែង៛កថវិកា សម្ភារ: សម្រាប់កសាងអង្គភាពនៅអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យមានកន្លែងធ្វេីការសមរម្យ ដេីម្បីងាយស្រួលក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ក៏ដូចជាការងារបំរេីសេវាសាធារណ:ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្តពីប្រជាពលរដ្ឋមកលេីកងកម្លាំងនគរបាលយេីង។