ខេត្តតាកែវ៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១ និង ៣០ នាទី រំលងអាធ្រាត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់ និងប្រជាការពារបានធ្វើការល្បាត ដល់ចំណុចស្ពានអន្លុងធន់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មានការសង្ស័យទៅលើមនុស្ស ៣នាក់ ជិះម៉ូតូមួយគ្រឿង ធុនអ៉ិចសាយធ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខ បានធ្វើការឃាត់សួរនាំ នឹងឆែកឆេរឃើញមាននៅក្នុងកាបូបស្ពាយ និងខ្លួនរបស់ឈ្មោះ ម៉េង សំណាង មាន កាំបិតតាំងតោចំនួន ០១ ដេីម ប្រវែង ៣០ សង់ទីម៉ែត្រ,ដាវសាំម៉ូរ៉ៃ កែច្នៃ ចំនួន ០១ ដេីម ប្រវែង ៥៨ សង់ទីម៉ែត្រ, កាំបិតចុងស្រួច ចំនួន ០១ ប្រវែង ២៥ សង់ទីម៉ែត្រ និង ជំពាមកៅស៊ូ ចំនួន ០១។
ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ទោស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងយើងក៏បានឃាត់ខ្លួនជនទាំង ០៣នាក់ខាងលើ ១.ឈ្មោះ ម៉េង សំណាង ភេទប្រុស អាយុ ១៦ រស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែ ២.ឈ្មោះ ទិត្យ មករា ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ៣.ឈ្មោះ តុន សវល័ក្ខ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ និង ដកហូតវត្ថុតាងរួមមាន : ដាវសាំម៉ូរ៉ៃកែច្នៃ ចំនួន ០១ ដេីម,កាំបិតចុងស្រួច ចំនួន ០១ ដេីម,កាំបិតតាំងតោ ចំនួន ០១ ដេីម,ជំពាមកៅស៊ូ ចំនួន ០១ ,ម៉ូតូមួយគ្រឿង ធុនអ៉ិចសាយធ័រ,ទូរស័ព្ទមួយគ្រឿងម៉ាក Vivo និងទូរ័ស័ព្ទមួយគ្រឿងទៀតម៉ាក realme យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដេីម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ។