ព័ត៌មានផ្សាយថា បើកឱ្យលេងស្របច្បាប់ តែបន្លំទៅជាល្បែង ខុសច្បាប់ ជលមាន់ តាមអនឡាញ! ម្ចាស់ផ្ទះថា គាត់បើកលក់កាហ្វេ …!
រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័ត៌សារព័ត៌មាន ASEAN DAILY បានចុះផ្សាយថា ល្បែងបើកឱ្យលេងស្របច្បាប់ តែបន្លំទៅជាល្បែងខុសច្បាប់ជលមាន់តាមអនឡាញ ក្នុងតំបន់មួយចំនួន ចំណុចចេញពីព្រែកថ្មី រកាកោង ស្រុកមុខកំពូល។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកមុខកំពូល ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល។
នៅថ្ងៃទី១១.០២.២០២៣ លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានដឹកនាំលោកវរសេនីយ៍ទោ ឃុន បូរិន ទទួលការងារនគរបាលយុត្តិធម៌ និងលោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ ចុះទៅដល់ទីតាំងផ្ទះរបស់ឈ្មោះ ចិត្ត សុខចេង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលបានបើកលក់កាហ្វេ ក្រោយពីធ្វើការពិនិត្យនិងសួរនាំម្ចាស់ផ្ទះរួចមកឃើញថា ៖ ផ្ទះរបស់គាត់បើកលក់កាហ្វេជាយូរណាស់មកហើយ ហើយកន្លងមក ក្រុមហ៊ុនឆ្នោត ឡូតូ ដែលមានអាជ្ញាបណ្ណ បានមកជួលទីតាំង ផ្ទះរបស់គាត់ ដាក់ ឡូតូ។
លុះក្រោយពីមានការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យបញ្ឈប់គ្រប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានមក ចំពោះទីតាំងផ្ទះរបស់ឈ្មោះ ចិត្ត សុខចេង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ខាងលើនេះ មិនមានបើកឆ្នោតឡូតូ ឬបើកលេងល្បែងស៊ីសងខុសច្បាប់ផ្សេងៗទៀតនោះទេ ចាប់ពីពេលនោះមក។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕