ស្នងការខេត្តតាកែវ ៖ អ្នកលេងបណ្តាញសង្គមជាច្រើនបានផុសផ្សាយនូវសកម្មភាពអសកម្មនានា ដែលកើតឡើងនៅទូទាំងខេត្តតាកែវ រហូតមានវីដេអូខ្លះបង្កឱ្យមានការញុះញង់ រើសអើង ខេត្តតាកែវ

ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសង្កេត ឃើញថា បន្ទាប់ពីមានករណី ឃាតកម្ម នៅស្រុកទ្រាំងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក មានអ្នកលេងបណ្តាញសង្គមជាច្រើនបានផុសផ្សាយនូវសកម្មភាពអសកម្មនានា ដែលកើតឡើងនៅទូទាំងខេត្តតាកែវ រហូតមានវីដេអូខ្លះបង្កឱ្យមានការញុះញង់ រើសអើងខេត្តតាកែវតែម្តង។

ក្រោយពីតាមដានលើព័ត៌មានទាំងនោះ ក្រុមការងារដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយអធិការដ្ឋាននគរបាលគ្រប់ស្រុក ក្រុងដែលពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ និងពិនិត្យឃើញថាករណីមួយចំនួន ជាករណីចាស់ៗ ហើយភាគីដែលជាជនរងគ្រោះ ក៏មិនដែលដាក់ពាក្យបណ្តឹងនោះទេ ករណីមួយចំនួន គឺជាការភ័ន្តច្រលំ មិនបានសួរនាំឱ្យច្បាស់ ដូចជាផុសនូវវីដេអូថាជាករណីឆក់ក្មេងសិស្សសាលានៅស្រុកត្រាំកក់ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ តែម្ចាស់គណនីឃើញមិនបានសួរនាំ ក៏ថតផុសថាចោរឆក់ទៅវិញ។

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏សូមសំដែងការអរគុណចំពោះអង្គភាពសារព័ត៌មានមួយចំនួន និងបងប្អូនប្រជាពលរដ្ឋ ដែលឈឺឆ្អាលចំពោះបញ្ហាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានខេត្តតាកែវ ដោយបានផ្ញើនូវព័ត៌មាន ក៏ដូចជាភស្តុតាងមួយចំនួន ជាមូលដ្ឋាននក្នុងការស្រាវជ្រាវបង្ក្រាបជនល្មើស តួយ៉ាងករណីចោរឆក់នៅអង្គតាសោម ស្រុកត្រាំកក់ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការតាមដានស្រាវជ្រាវកំណត់មុខសញ្ញា តាមរយៈផ្លាកលេខ ស្គាល់អត្តសញ្ញាណម្ចាស់(ជាម៉ូតូបង់រំលោះ) តែត្រូវជនល្មើសដោះGPSចេញពីម៉ូតូ ធ្វើឱ្យបាត់តម្រុយតាមដានបន្ត។
ឆ្លើយតបចំពោះនូវការរិះគន់មួយចំនួន ពីបញ្ហាអសន្តិសុខទាំងនេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមបញ្ជាក់ជូនថា កន្លងមកកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត មិនដែលព្រងើយកន្តើយ ចំពោះកិច្ចការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននោះឡើយ តែងសហការជាមួយកម្លាំងអធិការដ្ឋានគ្រប់ស្រុកក្រុង ធ្វើការបង្ក្រាប និងបានបំភ្លឺជូនជាច្រើនករណី។

ជាក់ស្តែងករណីកាប់ប្លន់នៅស្រុកបាទី កម្លាំងជំនាញបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនបាន០៣នាក់ (ខាងកំពង់ស្ពឺឃាត់បាន០៦នាក់) និងករណីគប់កញ្ចក់រថយន្តនៅត្រាំកក់ និងនៅស្រុកទ្រាំង ករណីក្មេងទំនើង(ដឹកជញ្ជូនអាវុធ) ដែលជាមុខសញ្ញាបង្កអុកឡុកតាមដងផ្លូវ ជាដើម រួមទាំងករណីឃាតកម្ម(កាប់សម្លាប់តាមផ្លូវ)នៅស្រុកទ្រាំងផងដែរ ដែលទើបបង្ក្រាបបានចំនួន ០៤នាក់ និងបន្តស្វែងរកស្រាវជ្រាវ តាមចាប់ខ្លួនមុខសញ្ញានៅសេសសល់យកមកផ្តន្ទាទោសឱ្យខានតែបាន។
ទន្ទឹមនឹងនេះ សូមសាធារណៈជន សូមបន្តសហការជាមួយសមត្ថកិច្ច ជាពិសេសសូមផ្តល់ព័ត៌មានមកសមត្ថកិច្ចភ្លាមៗនៅរាល់ពេលមានសកម្មភាពអសកម្ម ឬបទល្មើសកើតឡើង ដើម្បីសមត្ថកិច្ចបានចុះអន្តរាគមន៍បានទាន់ពេលវេលា ជៀសវាងការផ្សព្វផ្សាយនូវព័ត៌មានដែលមិនពិត ប៉ះពាល់ដល់កិត្តិយសអង្គភាពនានា ដែលមិនមែនជាសមត្ថកិច្ចជំនាញ និងផ្តល់ផលវិជ្ជមានដល់ក្រុមជនល្មើសគេចពីការតាមដានរបស់សមត្ថកិច្ច។

សូមអរគុណ!

 

អត្ថបទដែលជាប់ទាក់ទង
Open

Close