គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្នុងខេត្តតាកែវ កំពុងដាំក្បាលចុះ លោក អ៊ូច ភា បញ្ជាឲ្យអាជ្ញាធរពង្រឹង បង្រ្កាបករណីក្មេងទំនើង និងបទល្មើសនានា!

តាកែវ៖ ខណៈពលរដ្ឋព្រួយបារម្ភអំពីអសន្តិសុខនៅក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រោយពីនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានករណីក្រុមក្មេងទំនើងកាប់ចាក់ លួចឆក់ប្លន់ និងគ្រឿងញៀន អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានបើកកិច្ចប្រជុំដោយណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបលើបទល្មើសផ្សេងៗ ដើម្បីធានាភូមិឃុំសង្កាត់មានសុវត្ថិភាព។

ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្តតាកែវបានជំរុញឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរក្រុង និងស្រុកទាំង១០ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីផ្តល់សេចក្តីសុខដល់ពលរដ្ឋនៅមូលដ្ឋាន។

ស្របពេលបញ្ហាអសន្តិសុខកំពុងតែកើនឡើងក្នុងខេត្តតាកែវ លោកអភិបាលខេត្តបានណែនាំឱ្យស្នងការខេត្ត សហការជាមួយកងរាជអាវុធហត្ថខេត្ត ស្រុក និងក្រុងសហការគ្នាទប់ស្កាត់ និងបង្រ្កាបបញ្ហាក្រុមក្មេងទំនើង ចោរកម្ម ចោរឆក់ និងគ្រឿងញៀន។

ជាមួយគ្នានេះ លោកណែនាំឱ្យមានផែនការយុទ្ធសាស្ត្រថ្មីតាមដាន និងកំណត់មុខសញ្ញាជនសង្ស័យ និងមុខសញ្ញាអ្នកចំណូលថ្មីនៅតាមមូលដ្ឋាន ដែលទើបតែមកស្នាក់នៅក្នុងទឹកដីខេត្តតាកែវ។ ជាពិសេសអាជ្ញាធរក្រុងស្រុកត្រូវសហការគ្នា បង្កើនការត្រួតពិនិត្យ និងឆែកឆេរអាវុធជាតិផ្ទុះ កាំបិត និងដាវ តាមដងផ្លូវនានាក្នុងភូមិសាស្ត្រមួយនេះ។

នៅប៉ុន្មានសប្តាហ៍កន្លងទៅនេះ ករណីជនសង្ស័យចំនួន ៥នាក់ជិះម៉ូតូដេញយកដុំថ្មគប់ចំទ្រូងបុរសម្នាក់បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។ រហូតដល់ដើមខែកុម្ភៈនេះមានករណីសិស្សសាលា ៤នាក់កាប់សម្លាប់លើយុវសិស្សអាយុ ១៧ឆ្នាំនៅត្រង់បណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ដែលបញ្ហាទាំងនេះបានបង្កឱ្យពលរដ្ឋមានភាពភ័យខ្លាច៕

អត្ថបទដែលជាប់ទាក់ទង
Open

Close