ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្នើ វិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថា បានចុះហត្ថលេខាជំនួស សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ កុម្ភៈ ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាក់ក្នុងផេកផ្លូវការថា ៖ ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebook តាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីព ដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជានិងការទទួលខុសត្រូវ៖
ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួស សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៍មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។
ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់។
បើ VOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។
ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ។