ម្ចាស់ សង្វៀនជល់មាន់ នៅឃុំស្វាយភ្លោះ មិនខ្លាច អំណាចលោក​ឧត្តមសេនីយ៍ទោ​ ព្រុំ​ សន្ធរ ស្នងការនគរបាល​ខេត្ត​ព្រៃវែង?

ខេត្តព្រៃវែង៖ ពិតជាព្រហើនមែនម្ចាស់ សង្វៀន ជល់មាន់ ស្វាយភ្លោះ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រមូលផ្តុំអ្នកញៀនល្បែងមាន់ជល់ខុសច្បាប់លួចបើកសៃវៀនខុសច្បាប់លេងល្បែងជល់មាន់ យ៉ាងគគ្រឹកគគ្រេង នៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ខណៈលោក​ឧត្តមសេនីយ៍ទោ​ ព្រុំ​ សន្ធរ ស្នងការនគរបាល​ខេត្ត​ព្រៃវែងមិនទាន់ទទួលបានព័ត៌មានដើម្បីដាក់កម្លាំងចុះទៅបង្ក្រាប។ នេះបើតាមប្រភពបណ្ដាញសារព័ត៌មាន  ទើបទទួលបាននៅមុននេះបន្តិច។

ប្រភពបន្តថា មានក្រុមអ្នកញៀនល្បែងជល់មាន់ស៊ីសងខុសច្បាប់ជាច្រើននាក់បានកំពុងឈរ អង្គុយ និយាយតថ្លៃគ្នាផ្គូផ្គងរកគូរជល់នៅក្នុងសៃវៀនខុសច្បាប់ខាងលើនេះ។

ប្រភពព័ត៌មានបានខ្សឹបប្រាប់ឲ្យដឹងថា ពួកគេមិនអាចបើកលេងបាននោះ បើគ្មានការទំនាក់ទំនងឲ្យល្អប្រសើរជាមួយអស់លោកអាជ្ញាធរមូលដ្ឋាន ជាពិសេសខាងមន្ត្រីប៉ុស្តិ៍រដ្ឋបាលនគរបាលតែម្ដង។

ប្រភពបន្តថា ម្ចាស់សៃវៀនជល់មាន់ខុសច្បាប់ដុះស្លែខាងលើនេះ តែងតែលួចបើកឲ្យដំណើរការលេងយ៉ាងប្រុងប្រយ័ត្នបំផុត ទោះបីជាដឹងថា សកម្មភាពដែលក្រុមខ្លួនកំពុងលេង ជាទង្វើខុសច្បាប់រំលោភបំពានគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ។

គួររំលឹកថា សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំមួយ ដើម្បីជជែកពីផែនការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងលេចរូបឆោមយ៉ាងអនាធិបតេយ្យក្នុងសង្គម។ សម្ដេចក្រឡាហោម ស ខេង បានអះអាងនៅក្នុងកិច្ចប្រជុំនោះថា ល្បែងស៊ីសងខុសច្បាប់ក្នុងប្រទេសកម្ពុជា បានក្លាយទៅជាមេរោគមហារីក ដែលឈានទៅដល់ការប្រព្រឹត្តបទល្មើសជួយដូរមនុស្ស។ តាមសម្ដេចក្រឡាហោម ស ខេង គឺអាជ្ញាធររាជធានី-ខេត្ត ទាំងអស់ត្រូវយកចិត្តទុកដាក់បង្រ្កាបប្រភេទល្បែងស៊ីសងដែលខុសច្បាប់ រួមទាំងល្បែងឡូតូ ជល់មាន់តាមប្រព័ន្ធអនឡាញជាដើម។

សូមបញ្ជាក់ថា យុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ បានធ្វើឡើងក្រោយពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់ ឲ្យមន្ត្រីនៅមូលដ្ឋានទាំងអស់យកចិត្តទុកដាក់បង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ដោយគ្មានការលើកលែង ហើយប្រសិនបើអភិបាលរាជធានី-ខេត្ត ឬអាជ្ញាធរណាមិនអនុវត្ត ប្រមុខរដ្ឋាភិបាលព្រមានថា នឹងដកចេញពីតំណែងតែម្តង៕

ដោយ៖ សហការី


អត្ថបទដែលជាប់ទាក់ទង
Open

Close