បោកតាម តាមបណ្ដាញទំនាក់ទំនងសង្គម បានលុយប្រមាណជាង ១០ម៉ឺន​ ដុល្លារ​ សហរដ្ឋអាមេរិក….!

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសទូរគមនាគមន៍នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ សហការជាមួយកម្លាំងស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ និងដឹកនាំដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ពីររូប

ទី១ បុរសជនជាតិ នីហ្សេរីយ៉ាម្នាក់​ អាយុ៤១ឆ្នាំ

ទី២ នារី​ជនជាតិខ្មែរម្នាក់ អាយុ៣៩ឆ្នាំ ពាក់ព័ន្ធករណី ឆបោក តាមបណ្ដាញទំនាក់ទំនងសង្គម លើជនរងគ្រោះម្នាក់អស់ទឹកប្រាក់ប្រមាណជាង ១០ម៉ឺន​ ដុល្លារ​ សហរដ្ឋអាមេរិក។

ជនសង្ស័យ ​ជា​នារី​ខ្មែរ​ មានមុខរបរ ជាអ្នកលក់ដូរ នៅផ្សារ ជាអ្នកដើរបញ្ចុះបញ្ចូល អ្នកជិតខាងនិងអ្នកភូមិ ដើម្បីឱ្យទៅបង្កើតគណនីធនាគារផ្សេងៗហើយលក់គណនីធនាគារនោះមកឱ្យខ្លួនហើយខ្លួនបានលក់បន្តទៅឱ្យជនសង្ស័យ​ដែល​ជា​បុរស​ សញ្ជាតិនីហ្សេរីយ៉ាខាងលើ ។

ជនសង្ស័យ ដែល​ជា​បុរស​ សញ្ជាតិនីហ្សេរីយ៉ា បានទិញគណនីធនាគារ ជាច្រើនយកមកគ្រប់គ្រង ដើម្បីជាមធ្យោបាយក្នុងការឆបោកជនរងគ្រោះឱ្យផ្ញើប្រាក់មកគណនីទាំងនោះ ហើយខ្លួនដកប្រាក់ទាំងនោះតាមបញ្ជរទូរ ATM ដើម្បី​លាក់​អត្តសញ្ញាណ​របស់​ខ្លួន​។

បន្ទាប់ពីឃាត់ខ្លួនបាន មន្ត្រីជំនាញបានរកឃើញថា ជនសង្ស័យ បានបោកប្រាស់ជនរងគ្រោះជាច្រើននាក់ផ្សេងទៀតតាមរូបភាពមនោសញ្ចេតនា ស្នេហាពី បរទេស ទំនាក់ទំនង ពាណិជ្ជកម្ម និងទំនាក់ទំនងបញ្ញើកញ្ចប់អីវ៉ាន់ជាដើម។ ​បន្ទាប់មកជនសង្ស័យបានឱ្យ​បក្ខពួក​បន្លំ​ខ្លួន​ជា​មន្ត្រី​មានសមត្ថកិច្ច​ទាក់​ទង​មក​ជនរងគ្រោះ​ថា ​ត្រូវ​បង់​ថ្លៃ​សេវា​ដើម្បី​សម្រួល​ក្នុង​ការ​យក​ប្រាក់​ ឬ​វត្ថុ​មាន​តម្លៃ​ចេញ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ដូច​ជា ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ជា​ដើម។

នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២៣ ជន​សង្ស័យទាំងពីរត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ក្នុង​ការទុក​ចិត្ត​លើ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​លាស់​ដែល​សន្យា​ផ្ញើ​ប្រាក់​ ឬ​វត្ថុ​មាន​តម្លៃ​ មក​ពី​ក្រៅ​ប្រទេស។

​បន្ថែមពីនេះ នាយកដ្ឋាន សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មេត្តាកុំលក់​ ឬ​ប្រគល់​ការ​គ្រប់គ្រង​គណនីធនាគាររបស់ខ្លួន ទៅឱ្យអ្នកដទៃព្រោះអាចប្រឈមមុខពាក់ព័ន្ធនឹងបទផ្សំគំនិត ឬផ្ដល់មធ្យោបាយឱ្យជនល្មើសប្រព្រឹត្តបទល្មើសបាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close