ស្វាយរៀង៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ០៥នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលម្លាំងបានចុះបង្ក្រាប នៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច កាស៊ីណូ ឃីងក្រោន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ និងស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន ០៤នាក់បន្ថែមទៀត ព្រមទាំងបានចាប់យកវត្ថុតាងថ្នាំក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀនចំនួន ១០៣ កញ្ចប់ មានទម្ងន់សរុប១៥៩,១៦ក្រាម (គិតទាំងសំបក), ម្សៅម៉ដ្ឋពណ៌ស សង្ស័យគ្រឿងញៀនចំនួន ១៨ កញ្ចប់ មានទម្ងន់សរុប ១០៤,៣៦ក្រាម (គិតទាំងសំបក), ថ្នាំគ្រាប់ពណ៌ប្រផេះ សង្ស័យគ្រឿងញៀនចំនួន ០៦ គ្រាប់ មានទម្ងន់សរុប ២,៥៥ក្រាម (គិតទាំងសំបក),ថ្នាំម្សៅម៉ដ្ឋកញ្ចប់ពណ៌ខៀវ សង្ស័យគ្រឿងញៀនចំនួន ០៩ កញ្ចប់ មានទម្ងន់សរុប ៩០,១២ក្រាម (គិតទាំងសំបក), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០៣ គ្រឿង, លិខិតឆ្លងដែនចំនួន ០៥ ក្បាល, ប័ណ្ណការងារជនបរទេស ០១ សន្លឹក, អត្តសញ្ញាណប័ណ្ណវៀតណាម ០៥ សន្លឹក, ទូរស័ព្ទចំនួន ០៧គ្រឿង, ម៉ូតូចំនួន ០២គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។