ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចយកទូរសព្ទដៃនៅក្នុងរថយន្ត តែត្រូវម្ចាស់គេទាន់ ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ១៥នាទីព្រឹកថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួន ឈ្មោះ ចែម ស៊ីថា អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ មានផ្ទុកសារធាតុញៀន។
រីឯជនរងគ្រោះមានឈ្មោះ យាង រ៉យ អាយុ ២៥ឆ្នាំមុខរបរ បើកបរ រថយន្ត ស្នាក់នៅភូមិគិរីវង្ស ឃុំព្រែករំដេង ស្រុកគិរីវង្សខេត្តតាកែវ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តចេញពីម្ដុំផ្សារដេីមគរហើយក៏បានឈប់នៅមុខគ្លីនិកឯកជនមួយកន្លែងនៅតាមផ្លូវពី ២១៧ ស្ថិតនៅភូមិកើតហេតុខាងលើ ហើយបានចុះរថយន្តដោយមិនបាន យកទូរសព្ទដៃម៉ា oppo ទៅជាមួយទេ និងមិនបានបិទកញ្ចក់រថយន្តទៀតផង ពេលនោះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ មកពីក្រោយ ឃើញឱកាស ល្អ ក៏ឈប់ម៉ូតូលូកយកទូរសព្ទដៃដែលទុកនៅលើតាប់ឡូរថយន្ត បានសម្រេច ជិះម៉ូតូគេចខ្លួនក៏ត្រូវជនរងគ្រោះឃើញ ស្រែកផ្អេីលឆោឡោ ក៏មានកម្លាំងសមត្ថកិច្ចក៏នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ជិះម៉ូតូល្បាតក្នុងមូលដ្ឋានក៏បានជួយអន្តរាគមន៍ដេញ ចាប់បានជនសង្ស័យភ្លាមៗយកទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣តែម្តង។
នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទពីជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹង មានជ័យទី៣ កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់។