ល្បែង ហ្គេមបាញ់ត្រី នៅផ្សារ បឹងត្របែកផ្លាហ្សា ជាន់ទី៤ កំពុងបើកដំណើរយ៉ាងរលូន មិនទាន់មាន អាជ្ញាធរ និង សមត្ថកិច្ច អាចបំបែកបានឡើយ!
ភ្នំពេញ៖ សំបុកអ្នកញៀនល្បែងតាមអនឡាញ មានទាំងចិន និងខ្មែរកំពុងលួចលេង កំពុងបើកដំណើរយ៉ាងរលូន មិនទាន់មាន អាជ្ញាធរ និង សមត្ថកិច្ច អាចបំបែកបានឡើយ ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
នេះបើតាមប្រភពព័ត៌មាន ច្បាស់ការណ៍ដែលបណ្ដាញសារព័ត៌មានយើង ទទួលនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។
ប្រភពបន្តឲ្យដឹងទៀតថា ល្បែងហ្គេមបាញ់ត្រីដ៏ធំមួយនេះនៅតែបន្តលួចបើកដំណើរការលេង យ៉ាងប្រុងប្រយ័ត្នបំផុត ទោះបីដឹងថា ជាអំពើខុសច្បាប់ យ៉ាងណាក៏ដោយ ក៏ក្រុមថៅកែ និងអ្នកញៀនល្បែងទាំងនោះ មិនញញើតច្បាប់រហូតបន្តលួចលេងដល់បច្ចុប្បន្ន។
ពាក់ព័ន្ធទីតាំងល្បែងហ្គេមបាញ់ត្រីខាងលើ ពលរដ្ឋសំនូមពរដល់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន មេត្តាដឹកនាំកម្លាំងចុះពិនិត្យនិងបង្ក្រាបផង ព្រោះទង្វើខាងលើនេះ កំពុងបំពានបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពហើយ។
មហាជន សង្ឃឹម លើ លោកអភិបាល និង អធិការខណ្ឌចំការមន នឹងចុះពិនិត្យ ឈានដល់ ការបង្ក្រាបល្បែងខុសច្បាប់ខាងលើផង។
អង្គភាពសារព័ត៌មានយើង នឹងផ្សាយលម្អិតបន្តបន្ទាប់ ប្រសិនបើ មានការពន្យល់បកស្រាយពី អាជ្ញាធរ សមត្ថកិច្ច និង សាមីភាគីពាក់ព័ន្ធទាំងអស់។