ពលរដ្ឋ ១គ្រួសារ ជួបគ្រោះថ្នាក់ចរាចរណ៍ រអិលដួលម៉ូតូ នៅផ្លូវ៣៧១ រងរបួសធ្ងន់ស្រាល! អភិបាលខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ ដល់លំនៅដ្ឋានហើយ
(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានដឹកនាំក្រុមការងារមន្ត្រីសាលាខណ្ឌនិងសង្កាត់ជាច្រើនរូប ចុះសួរសុខទុក្ខដល់ ខ្នងផ្ទះ និងនាំយក ថវិកាអំណោយមួយចំនួន ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ ដែលជួបឧបទេវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្រ្តីជាម្តាយ រងរបួសជើងឯកូនស្រីតូច និង ឪពុក របួសស្រាល ដោយសារ ស្ថានភាពផ្លូវសើម ហើយរអិលបែកភក់នៅលើផ្លូវ ៣៧១ កាលពីថ្ងៃ ប៉ុន្មានថ្ងៃមុននេះ ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ ពលរដ្ឋ ដល់ខ្នងផ្ទះនេះ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមានអំណាយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ១លានរៀលផងដែរ ។
គ្រួសារជនរងគ្រោះដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូរួមមាន៖ ប្តីឈ្មោះ មាស ម៉ឺន អាយុ៣៤ឆ្នាំមុខរបរជាងសំណង់រងរបួសស្រាល។
ប្រពន្ធឈ្មោះ ទិត្យ ចិន្តា អាយុ៣៤ឆ្នាំមុខរបរកម្មការនីរោងចក្រ របួសបាក់ជើងខាងស្តាំនិងកូនតូចឈ្មោះ សាមី ធីតា អាយុ៣ឆ្នាំរបួសរលាត់មុខស្រាល។
សូមជម្រាបថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ដួលម៉ូតូកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈពួកគេជិះម៉ូតូ១គ្រឿងគ្នា៣នាក់ប្តីប្រពន្ធកូនចេញពីផ្ទះដើម្បីទៅធ្វើការស្រាប់តែដល់កន្លែងកើតហេតុចំណងផ្លូវ៣៧១ មានស្ថានភាពបែកភក់រអិល ក៏បណ្តាលអោយដួលនិងរងរបួសតែម្តង។ ក្រៅពីនេះក៏មានសិស្សសាលារួមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀតបានរអិសដួលនៅលើផ្លូវនោះតែពុំរងរបួសធ្ងន់ធ្ងរអ្វីនោះឡើយ។