(ព្រះសីហនុ)៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុសហការជាមួយអាជ្ញាធរដែនដីខេត្តបាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ គ្រប់ព្រភេទដាក់តាំងលក់ជូនប្រជាពលរដ្ឋដែលទៅលេងកម្សាន្តក្នុងកម្មវិធីរត់ប្រណាំងសប្បាយៈ RUN FUN និងកម្មវិធីប្រគុំតន្រ្តីនៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ការត្រួតពិនិត្យនេះគឺដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋមានសុវត្ថិភាពខ្ពស់ក្នុងការបរិភោគនិងប្រើប្រាស់ ទប់ស្កាត់ម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ ជៀសវាងប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តក្នុងកម្មវិធីខាងលើ។ ទំនិញម្ហូបអាហារដែលបានត្រួតពិនិត្យរួមមាន៖ បបែលក្រៀម មឹកក្រៀម បង្កាស្រស់ មឹកស្រស់ ប្រហិតត្រី ប្រហិតសាច់គោ និងគាវខ្ចប់ ។ល។
ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញបបែលក្រៀមចំនួន ០.៥គីឡូក្រាមមានសារធាតុគីមីហាមឃាត់ ដោយដកហូតយកទៅកម្ទេចចោលភា្លមៗ និងពន្យល់ដល់បងប្អូនអ្នកលក់យល់ដឹងពីទំនិញដែលមានសុវត្ថិភាព និងផលប៉ះពាល់ដែលប្រឈមនឹងច្បាប់ដែលមានចែងជាធរមាន។




