ប្លែកទៀតហើយ! ក្រុមចោរប្លន់ប្រើដាវកាំបិត ដុំថ្ម គំរាម និងបូបប្រេងពីរថយន្ដ ឈប់សំរាកពេលយប់ តាមផ្លូវជាតិលេខ៤!
ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានព័ត៌មានពីបណ្ដាញសង្គម ថាមាន ករណី ក្មេងទំនើង ធ្វើសកម្មភាពប្លន់ប្រេង ពីរថយន្ដ ដែលឈប់សំរាក ពេលយប់ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បានដាក់បញ្ជាឱ្យផ្នែកយុត្តិធម៌ស្រុកភ្នំស្រួច បើកការស្រាវជ្រាវរកមុខសញ្ញា ក្រុមចោ រទាំងនោះ ដើម្បីមានចំណាត់ការ និងបង្រ្កាបឱ្យខានតែ បាន។
ជាក់ស្ដែងប្រតិបត្តិការដោយបានការដឹកនាំពី លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច ដោយមានផ្នែកយុត្ដិធម៌ស្រុក សហការជាមួយមូលដ្ឋានប៉ុស្ដិ៍ ប្រមូលព័ត៌មាន និងឈានទៅកំណត់បានមុខសញ្ញាក្មេងទំនើង ដែលជាក្រុមធ្លាប់ប្រព្រឹត្ដបទល្មើស ក្នុងមូលដ្ឋានកន្លងមក ។
ជាលទ្ធផលសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន៤នាក់
១-ឈ្មោះ ភា រាជ ប្រុស ២៩ឆ្នាំ
២.ឈ្មោះ មៀម សុធារៈ ប្រុស ២៧ឆ្នាំ
៣.ឈ្មោះ បេង សំណាង ហៅវិត ប្រុស ៣១ឆ្នាំ
៤.ឈ្មោះ ជីង រ៉ា ស្រី ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច រីឯឈ្មោះ តូរ៉ា ប្រុស គេចខ្លួន។
តាមចម្លើយយអ្នកទាំង៤ ថាខ្លួនពិតជាបានធ្វើសកម្មភាព គំរាម យកដុំថ្ម គប់កញ្ចក់ រថយន្ត យកដាវដេញគំរាមកាប់លើ អ្នកបើកបរ រួចបូបយកប្រេង ចេញពីរថយន្ដ ប្រាកដមែន។ កន្លងទៅ ក្រុមខ្លួនតែងតែប្រព្រឹត្ដសកម្មភាពលួចបូបប្រេង ពីរថយន្តញឹកញាប់ និងគប់កញ្ចក់ រថយន្ដពេលយប់។
បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូនមុខសញ្ញាទាំង៤នាក់ មកការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីបន្ដនីតិវិធី៕