ស្នងការខេត្តកណ្តាល បញ្ជាអោយតាមចាប់ ខ្មាន់កាំភ្លើងបាញ់១០គ្រាប់ នៅក្រុងតាខ្មៅ យប់ម៉ិញ!

កណ្ដាល៖ ករណីហិង្សា ឈានដល់ការផ្ទុះអាវុធខុសច្បាប់ ចំនួន១០គ្រាប់ កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានដើមលាភ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្ដាលឲ្យបុរសម្នាក់រងរបួសត្រង់ភ្លៅខាងស្តាំមួយកន្លែង។

តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ន មករា ហៅយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរបើកបររថយន្ត។ ដោយឡែកជនសង្ស័យគេនៅមិនទាន់ស្គាល់អត្តសញ្ញាណ ប៉ុន្តែគេឃើញថា ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីពេលវេលាម៉ោងនិងទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះក្រោយពីផឹកស៊ីជាមួយមិត្តភ័ក្រ្តចប់សព្វគ្រប់ហើយ ក៏ដើរទៅជុះនោមនៅជិតគល់ស្ពានដើមលាភ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនោះជនសង្ស័យជិះម៉ូតូមកតែម្នាក់ឯង ស្រាប់តែមានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ រហូតដល់មានការដេញបាញ់ជនរងគ្រោះបណ្តាលឲ្យត្រូវរបួសត្រង់ភ្លៅ ខាងស្តាំមួយកន្លែង រួចជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះព្យាបាលជំងឺនៅមន្ទីរពេទ្យ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងអន្តរាគមន៍ និងកម្លាំងនគរបាលមូលដ្ឋានចុះទៅទីតាំងកើតហេតុមានការផ្ទុះ​អាអាវុធដើម្បីធ្វើការស្រាវជ្រាវ និងឈានដល់ការស្វែងរកចាប់ខ្លួនជនបង្ក។

ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឲ្យដឹងយ៉ាងច្បាស់ថា កម្លាំងជំនាញកំពុងពិនិត្យវិភាគ​តាម​រយៈ​​វិដេអូរ ប្រមូលភស្តុតាង និងសាកសួរ​សា​ក្សី​ព្រមទាំងធ្វើការងារយ៉ាងម៉ត់ចត់ដើម្បីឈានដល់ការចាប់ខ្លួនជនបង្កយកមកទៅផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close