គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២២ បានកើតឡើងប្រមាណ ២.៩៧៦ លើក!

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) បាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ សមាជិក សមាជិកា នៃគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលរាជធានី ខេត្ត ស្ថាប័ន អង្គភាពនានា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចក្រឡាហោម និងអង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពលើរបាយការណ៍នៃការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ ព្រមទាំងបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការងារជួសជុលថែទាំផ្លូវថ្នល់ ដូចដែលថ្មីៗកន្លងទៅនេះ មាន ការបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិមួយចំនួនរួមមាន៖ លេខ៣១ លេខ៣៣ លេខ៤១ និងផ្លូវ ជាតិលេខ៧ ជាពិសេសការអភិវឌ្ឍន៍បច្ចេកវិទ្យាដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរាយ ការណ៍ពីបញ្ហាផ្លូវថ្នល់បានលឿនរហ័សដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញពីទិសដៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាម រយៈការលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវដែក និងផ្លូវទឹក ដោយបានសិក្សាលើគម្រោងសំខាន់ៗ មួយ ចំនួនរួមមាន៖ ការសិក្សាផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងសិក្សាលើការដឹកជញ្ជូនតាមផ្លូវទឹកទន្លេបាសាក់ដែលមានស្រាប់ ដែលអាចកាត់បន្ថយ ចម្ងាយដឹក ជញ្ជូនជាង១០០គីឡូម៉ែត្រ សំដៅរួមចំណែកកាត់បន្ថយចរាចរណ៍លើផ្លូវថ្នល់ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរពីការចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាម រយៈការបិទស្ទីកឃ័រចំណាំងផ្លាត(Sticker)លើយានយន្ត ពិសេសរថយន្តធុនធ្ងន់ដើម្បីចូលរួមឱ្យបានស្រប តាមទិសដៅដែលបានកំណត់ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅតិចជាង៥នាក់ក្នុងមួយថ្ងៃ និងបានជម្រាបជូនអំពីបញ្ហានៃការកើនឡើងនូវយានដ្ឋានជួសជុលយានយន្តដោយ គ្មានច្បាប់អនុញ្ញាត និងកិច្ចសហកានៅមានកម្រិតពីសសំណាក់សហគ្រាស ក្រុមហ៊ុនឯកជនក្នុងការ បណ្ដុះបណ្ដាលនិយោជិតឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក។

លើកឡើងក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ មន្ត្រីសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមផែនការរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានអំពាវនាវឱ្យសហគ្រាស ក្រុមហ៊ុនពាក់ព័ន្ធ ប្រព័ន្ធ ផ្សាព្វផ្សាយទាំងអស់ ទាំងវិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គម ជំរុញផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ បន្ថែមទៀតពីច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ គោរពច្បាប់ ខ្លាចច្បាប់ ជាជាងខ្លាច នគរបាលចរាចរណ៍។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្ត ដែលតម្រូវឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យឡើងវិញចំពោះយានដ្ឋានជួសជុល កែច្នៃដែលពុំមានច្បាប់អនុញ្ញាត ពិនិត្យលើការជួសជុលផ្លូវដែលមានស្រាប់ ពង្រឹងលើការបំពាក់ការមេរ៉ា អចល័ត ការបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកស្របតាមតំបន់ និងយកចិត្តទុកដាក់លើអ្នកបើកបរសេព គ្រឿងស្រវឹង។ តាមរយៈសកម្មភាពទាំងអស់នេះទាមទារឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់បន្តសហការ រួមគ្នា បន្ថែមទៀតដើម្បីញ៉ាំងឱ្យការអនុវត្តការងារនេះទទួលបានជោគជ័យ។

សូមជម្រាបជូនថា៖ ក្នុងឆ្នាំ២០២២កន្លងទៅ ការងារត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានត្រួតពិនិត្យយានយន្តសរុបចំនួន ១.១២១.១៣៦គ្រឿង ក្នុងនោះ៖ ម៉ូតូចំនួន ៧៤% និងបានរកឃើញ យានយន្តល្មើសច្បាប់ចរាចរណ៍ និងបានពិន័យចំនួន ១៤២.៨១៧គ្រឿង (១៤៣.០៥១ករណី) ដែលក្នុង នោះទោចក្រយានយន្ត ត្រីចក្រយានយន្តល្មើសច្បាប់ចំនួន ១១៥.៨០១គ្រឿង (១១៥.៨០១ករណី) ស្មើ ៨១% និងរថយន្តល្មើសច្បាប់ចំនួន ២៧.០១៦គ្រឿង (២៧.២៥០ករណី) ស្មើ១៩%។

ដោយឡែកគ្រោះ ថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២ បានកើតឡើងប្រមាណ២.៩៧៦លើក ដែលក្នុងនោះការបើកបរលើស ល្បឿនកំណត់៣៩% ការមិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្ដាំ១១% ការវ៉ាជែង១០% ការបត់៩% កត្តា យានយន្ត៣% និងកត្តាងងុយ១% បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើងចំនួន ៣០៦លើក ស្មើនឹង១១% ក្នុងនោះអ្នកស្លាប់កើនឡើងចំនួន២១២នាក់ ស្មើ១៤% និងអ្នករបួសកើនឡើងចំនួន ៤១១នាក់៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close