បំបែកសំណុំរឿងឃាតកម្មនៅខេត្តកោះកុង, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅស្រុកលើកដែក

ខេត្តកណ្ដាល៖ នៅថ្ងៃទី២៩ ខែមករា​​ ឆ្នាំ២០២៣​ វេលាម៉ោង​១៤:៥៥នាទី​ កម្លាំងជំនាញនាយកដ្ឋាន​ដឹកនាំ​ដោយ​ លោកឧ.ត្រី​ ខេង​ ​ម៉េងឈាង​ និងលោកឧ.ត្រី​ កែវ​ រ៉េតមុន្នី​ អនុប្រធាន​នាយកដ្ឋាន​ សហការ​ជាមួយ​កម្លាំងជំនាញស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ ធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ ផន ចាន់​រ៉ា​​ (ហៅ​ លៀន​)​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ នៅត្រង់ចំណុចភូមិដេីមអំពិល​ ឃុំកំពង់ភ្នំ​ ស្រុកលេីកដែក​ ខេត្ត​កណ្តាល​ ពាក់​ព័ន្ធ​ករណី​ឃាតកម្ម ​(ចាក់សម្លាប់មនុស្ស) ​​បណ្តាលអោយជនរងគ្រោះឈ្មោះ​ ឡាយ សុធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ បណ្តាលអោយស្លាប់​ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក​​។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

គួររំលឹកដែរ​ថា​ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី ត្រង់ចំណុច​ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ មា​នករណី​ ឃាតកម្ម​(ចាក់​សម្លាប់​មនុស្ស​)​ ដែលបង្កដោយ​ជនសង្ស័យ​ឈ្មោះ​ ផន ចាន់រ៉ា (ហៅ លៀន) ភេទប្រុស អាយុ២៣ ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ ជាងសំណង់ ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង​ ទីលំនៅ​បច្ចុប្បន្ន​ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ ​ដោយបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លេីជនរងគ្រោះឈ្មោះ​ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ​ ត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក​ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេី​បាន​នាំមកកាន់​នាយកដ្ឋាន​ ដេីម្បីប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​​ ចាត់ការបន្តតាមនីតិវិធី​។

អត្ថបទដែលជាប់ទាក់ទង
Open

Close