ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឯកឧត្តម លី ធុជ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ច សន្យា ស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន មានការរៀបចំពិធីចុះហត្ថលេខាលើកិច្ច សន្យា ស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥” ក្រោមអធិបតីភាពរបស់   ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និង ឯកឧត្តម ទេសរដ្ឋមន្រ្តី​ លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើទ្បើងរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងគោលបំណងដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០ លានដុល្លារសហអាមេរិក តាមរយៈ “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។  ថវិកានេះ នឹងត្រូវបានបែងចែកទៅដល់៖ (១) កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦.៨៤៣.៧៤០ ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ; (២) មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម  ដើម្បីធ្វើការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ២៧.១១០.៦៩៧ ម៉ែត្រក្រឡា នៅក្នុងស្រុកស្នួល ខេត្តក្រចេះ, ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង, និងខេត្តមណ្ឌលគិរី; (៣) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ១០៦.៣២៤.៣៨០ ម៉ែត្រក្រឡា នៅក្នុងខេត្តកំពង់ធំ, ខេត្តប៉ៃលិន, ខេត្តព្រះវិហារ, ខេត្តពោធិ៍សាត់, និងខេត្តសៀមរាប   ។

យោងតាមប្រសាសន៍របស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោង  សម្តេចតេជោសម្រាប់សកម្មភាពមីន, មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍ គឺផែនការបោសសម្អាតមីនក្នុងឆ្នាំ២០២៣ នេះ គ្របដណ្តាប់ផ្ទៃដីមានមីនប្រមាណ ៤១១ គីឡូម៉ែត្រក្រឡា។ ដូច្នេះ នៅក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន ១៨ រាជធានី-ខេត្ត ត្រូវប្រកាសថាអស់មីន។ បន្ទាប់ទៅទៀត នឹងមានខេត្តចំនួន ០៧ ក៏នឹងត្រូវដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន៖  ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង,  ខេត្តប៉ៃលិន,  ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរមីនមានភាព​ជឿជាក់​ក្នុងការឈានទៅសម្រេចឱ្យបាននូវទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងប្រកាសកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ ខាងមុខ។

អត្ថបទដែលជាប់ទាក់ទង
Open

Close