ស្នងការខេត្តតាកែវ ជម្រុញមន្រ្តីនគរបាល ដែលទើបទទួលបានការតែងតាំងថ្មីៗត្រូវតែបំពេញភារកិច្ចឲ្យបានល្អទៅតាមជំនាញ

ខេត្តតាកែវ​៖​ នាព្រឹកថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក​ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តតាកែវ​ មានរៀបចំពិធី “ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៣ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ ” នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង​ លោក​នាយការិយាល័យជំនាញ​ទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង ស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្រ្តីនគរបាលពាក់ព័ន្ធសរុបចំនួន ២៧៤នាក់ស្រី ចំនួន ១០នាក់។

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារសេនាធិការ ឡើងអានរបាយការណ៍ស្វាគមន៍ប្រចាំខែមករា និងលើកទិសដៅអនុវត្តន៍បន្តជូនអង្គពិធីជ្រាបមក លោកឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារធនធានមនុស្ស ឡើងអានសេចក្តីប្រកាសក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចស្តីពី ការផ្ទេរភារកិច្ច តែងតាំង មុខតំណែងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិរួចមក លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តល់កិត្តិយសប្រគល់ត្រាមូលជូនដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៧ប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមមានដូចខាងក្រោម៖

-ប្រកាសមុខតំណែងចំនួន ១៣៣នាក់ ស្រី ចំនួន ១០នាក់
-ថ្នាក់ស្នងការរង ចំនួន ៦នាក់
-ថ្នាក់នាយការិយាល័យចំនួន ៤នាក់
-ថ្នាក់នាយរងការិយាល័យចំនួន ១២នាក់
-ថ្នាក់អធិការរង ចំនួន ១៦នាក់
-ថ្នាក់នាយផ្នែក ចំនួន ២២នាក់
-ថ្នាក់នាយរងផ្នែក ចំនួន ៥១នាក់
-ថ្នាក់នាយប៉ុស្តិ៍ចំនួន ៧នាក់
-ថ្នាក់នាយរងប៉ុស្តិ៍ចំនួន ១៥នាក់។

មានមតិពាក់ព័ន្ធណែនាំនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ផ្តាំផ្ញេី ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្នុងនាមលោក ឧត្តមសេនីយ៍ទោ ស្នងការផ្ទាល់សូមធ្វើការកោតសរសេីរចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត និងអនុវត្តឲ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ពង្រឹងលើការងារជំនាញប្រចាំថ្ងៃគ្រប់បណ្តាអង្គភាព ក៏ដូចជាផែនទាំង១៣ ផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពង្រឹងវិន័យលេខៈ០០៦របស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រៀមកម្លាំងប្រចាំការជានិច្ច២៤ម៉ោងលើ២៤ម៉ោងដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហតុ និងជម្រុញដល់មន្រ្តីនគរបាលដែលទើបទទួលបានការតែងតាំងថ្មីៗត្រូវតែបំពេញភារកិច្ចឲ្យបានល្អទៅតាមជំនាញដែលថ្នាក់លេីប្រគល់ជូន។

ជាចុងក្រោយលោក ឧត្តមសេនីយ៍ទោ ស្នងការ បន្តទៀតថា ដេម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ~១៩ ត្រូវអនុវត្តន៍វិធានការសុខាភិបាល និងជាពិសេសវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ) របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close