ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ខ្មែរកាត់សែស្រឡាយ សម្រុកមកធ្វើ ពិធីសាសនា នៅវិហារអ្នកតាចិន ក្រុងតាខ្មៅ យ៉ាងច្រើនកុះករ

កណ្ដាល៖ នៅវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមរាកឆ្នាំ២០២៣ រហូតទល់ភ្លឺ គេសង្កេតឃើញខ្មែរកាត់សែស្រឡាយចិន-វៀតណាម នាំគ្នាសម្រុកមកធ្វើពិធីសាសនា នៅវិហារអ្នកតាចិន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីអុចធូបបន់ស្រន់ និងជំនឿ ទៅយកអំពៅខ្មៅ ពីព្រះវិហារចិន លោកតាធំ (ប៉ោសែ) ក្រុងតាខ្មៅ ដោយមានជំនឿថា មានសុខសុភមង្គល ត្រជាក់ត្រជុំរកស៊ីមានបានជាដើម។

នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅវិហារធំលោកតាចិន ក្រុងតាខ្មៅ គឺពោរពេញទៅដោយមនុស្សម្នាអ៊ូអរ មកកាន់ទីនោះ ក្នុងបំណងអុជធូប បន់ស្រន់សុំសេចក្ដីសុខសេចក្ដីចម្រើន និងទ្រព្យសម្បត្តិ ហូរហៀហើយក៏មិនភ្លេចដែរ នូវការជាវអំពៅខ្មៅ ដើម្បីនាំលាភសំណាង ដល់ក្រុមគ្រួសារ និងបណ្ដេញគ្រោះចង្រៃ ចេញពីផ្ទះសម្បែង ឬគេអាចយកទៅដាក់ នៅផ្ទះ ដើម្បីនាំលាភ និងយកទៅដាំទឹកផឹកដែលគេជឿថា អាចព្យាបាលជំងឺ១០០មុខ។

ដូច្នេះហើយទើបក្រោយអ្នកដែលចាកចេញពីព្រះវិហារធំ ក្រុងតាខ្មៅម្នាក់ៗ មិនភ្លេចឡើយដោយនាំយកនូវដើមអំពៅខ្មៅមូលថ្លោស ស្លឹកវែងៗ ចងភ្ជាប់នឹងដំបូល រថយន្តត្រឡប់ ទៅកាន់គេហដ្ឋានរៀងៗខ្លួន ជាមួយនឹងជំនឿ របស់ពួកគេ។

សូមជម្រាបថា៖ នៅទីតាំងវិហារចិន ក្រុងតាខ្មៅនេះ តែងតែមានព្រឹត្តិការណ៍បែបនេះ ជារៀងរាល់ឆ្នាំ ហើយមនុស្សមកសែនព្រេន មានច្រើនកុះករ ២៤ម៉ោងលើ២៤ម៉ោងតែម្ដង ពិសេសគឺចង្អៀតនាពេលយប់ រហូតទល់ភ្លឺ៕

ប្រភព៖ ផេក ព័ត៌មានខេត្តកណ្តាល

អត្ថបទដែលជាប់ទាក់ទង
Open

Close