ភ្នំពេញ៖ ប្រភពប្រាប់ថា កាលពីវេលាម៉ោង៧ និង ៣០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ មានករណី ចោរលួច កាច់កម៉ូតូបានសម្រេច នៅចំណុចភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាម៉ូតូម៉ាក់ហុងដាឌ្រីម ស្លាកលេខភ្នំពេញ1JQ-3724 ពណ៌ខ្មៅ សេរីឆ្នាំ២០២២ បើកបរដោយស្ត្រីម្នាក់ឈ្មោះ សឹម លីនណា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅមូលដ្ឋានកើតហេតុខាងលើ។
តាមប្រភពបន្តទៀតថា ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅកំពុងត្អូញត្អែរពីបញ្ហាអសន្តិសុខ ដែលតែងតែកើតមានដូចជាករណីចោរលួចចូលផ្ទះប្រជាពលរដ្ឋលួចរបស់របរ ទ្រព្យសម្បត្តិ និងកាច់កម៉ូតូជាដើម។
តាមប្រភពបន្តឲ្យដឹងទៀតថា តើគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល ដាក់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិពង្រឹងនិងអនុវត្តមានចរឹកលក្ខណៈដូចម្ដេច បើក្នុងមូលដ្ឋានមានល្បែងស៊ីសងខុសច្បាប់ជាច្រើន ដូចជាមាន់ជល់ បៀរ អាប៉ោង កន្ទុយលេខ ឆ្នោតវៀតណាម និងល្បែងអនឡាញផ្សេងៗកំពុងរីកដូចផ្សិត។
ពលរដ្ឋបានសំណូមពរដល់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅមេត្តាជួយអន្តរាគមន៍តាមស្រាវជ្រាវរកចាប់ក្រុមចោរលួចចូលផ្ទះប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិ កាច់កម៉ូតូ និងក្រុមលួចលាក់បើកល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខានតែបានផង៕