នោះ! ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានមន្ត្រីជើងក្រោមប្ដឹងទៅ សម្ដេចនាយករដ្ឋមន្ត្រី ឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ

កណ្ដាល៖ លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានមន្ត្រីក្រោមឱវាទបានដាក់ពាក្យប្ដឹងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។

នេះបើយោងតាមពាក្យបណ្ដឹងអនាមិកដែលបណ្ដាញសារព័ត៌មានយើងទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ។

ខ្លឹមសារនៃកម្មវត្ថុក្នុងពាក្យបណ្ដឹងអនាមិកបានលើកពីប្រធានមន្ទីរផែនការខេត្តរតនគិរីថា៖

*លោកមិនឱ្យ​មន្ត្រី​ចូល​ធ្វើការ​ដោយ​សន្យា​រក្សា​ក្របខ័ណ្ឌជូន ចំណែកប្រាក់ខែ គាត់ជាអ្នកយក។

*លោកបានបង្កកប្រាក់ខែជាច្រើនណាស់តែមិនដែលឃើញបង្វិលចូលរដ្ឋវិញទេក្នុងមួយឆ្នាំៗ

*ប្រាក់បេសកកម្មលោកទូទាត់ខ្លួនឯងគ្រប់ចំនួនដប់ថ្ងៃរួចហើយ សុំដាក់ឈ្មោះអនុប្រធានមន្ទីរដើម្បីដកលុយយកមកឲ្យខ្លួនអស់រយៈពេលពីរបីឆ្នាំមកហើយ។

*ការងារលទ្ធកម្ម៖សម្ភារៈប្រើប្រាស់ ទឹកប្រាក់ជិត២០លាន ពេលដេញថ្លៃយកតែលុយ មិនដែលមានរបស់ប្រើប្រាស់ សូម្បីក្រដាស់មួយដុំ, ការងារដេញថ្លៃម៉ូតូ នៅពេលបានម៉ូតូហើយ ចែកឲ្យមន្ត្រីយកមួយគ្រឿងយកលុយ៣០០ដុល្លារ ថែមទាំងថ្លៃស្លាកលេខ៥០ដុល្លារទៀត, ការងារជួសជុលអាគារ ធ្វើអាគារឲ្យមន្ត្រីធ្វើការ ប៉ុន្តែមន្ត្រីមិនហ៊ានមកធ្វើទេពីព្រោះអាគារគ្មានគ្រឹះហើយតឡើងលើ, ការងារជួសជុលរថយន្ត ពុំដែលជួសជុលទេ យកតែលុយហើយតម្លៃជួសជុលស្ទើតែទិញឡានថ្មីមួយទៅហើយក្នុងមួយឆ្នាំៗ, ការងារបោះពុម្ពក៏អត់ដែរយកតែលុយ, ទិញសម្ភារៈកង់ឡានកង់ម៉ូតូក៏អត់ដែលទិញដែរយកតែលុយ,ការងារជួសជុលកំព្យូទ័រនិងព្រីនធ័រក៏យកតែលុយដែរមិនដែលជួសជុលឡើយរកតែកុំព្យូទ័រប្រើស្ទើតែគ្មាន។

*ការរុះរើអាគារចាស់ដោយប្រមូលយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង យកទៅធ្វើផ្ទះឲ្យកម្មករនៅចំការ ភូមិកាម៉ែន ឃុំឯកភាព ស្រុកអូរជុំ។ 

*ចងការប្រាក់ឲ្យមន្ទីរ តើមានឯកសារទេ យកទៅធ្វើអ្វី អ្នកណាដឹងឮខ្លះ ការប្រាក់ចំនួនប៉ុន្មានដែរឬជាគំនិតរបស់ខ្លួនដើម្បីកេងបន្លំយកលុយពីមន្ទីរដោយស្របច្បាប់ មួយវិញទៀតរាល់ពេលដែលមានរឿងតែងតែបង្ខំមន្ត្រីឲ្យផ្ដិតមេដៃគាំទ្រខ្លួនទាំងដែលខ្លួនធ្វើខុស បើអ្នកណាមិនផ្ដោតទេអ្នកនោះប្រឹងនឹងខ្លួន ហើយប្រធានរូបនេះនឹងមានវិធានការភ្លាម។

*រឿងលោកប្រមូលលុយជប់លៀងឆ្នាំ២០១៧ ហើយមិនបង្វិលលុយឲ្យមន្ត្រីវិញ។ *ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ *ការចាយលុយមិនទៅតាមចង្កោមសកម្មភាព។

ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងក្នុងពាក្យបណ្ដឹងអនាមិកខាងលើ បណ្ដាញសារព័ត៌មានយើង ពុំអាចសុំការបញ្ជាក់ពីលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរីបាននោះទេ ពីព្រោះទូរស័ព្ទខលចូលប៉ុន្តែពុំមានអ្នកលើក៕

អង្គភាពយើង នឹងផ្សាយលម្អិត ជាបន្តបន្ទាប់ទៀត ប្រសិនបើ មានការពន្យល់បកស្រាយ ពីសាម៉ីភាគីពាក់ព័ន្ធទាំងអស់៕

 

  

 

អត្ថបទដែលជាប់ទាក់ទង
Open

Close