ឈ្មួញ ខិលខូចមួយចំនួន បញ្ចូល សារធាតុ CMC (ចាហួយ) បង្គាស្រស់ ដើម្បី…..!

ភ្នំពេញ៖ អនុវត្តអនុសាសន៍ណែនាំរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានណែនាំមន្រ្តីក្រោមឱវាទ ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យបណ្តា ទីផ្សារនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការចរាចរទំនិញមិនមានអនុលោមភាព ពិសេសម្ហូបអាហារ។ ជាក់ស្តែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ ស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុ គីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ។

យោងលទ្ធផលវិភាគបឋមដោយឧបករណ៍ដែលបំពាក់លើរថយន្តពិសោធន៍ចល័ត ចំពោះគំរូផលិតផលចំនួន ៤០ បានបង្ហាញឱ្យឃើញថា ពុំមាន ប្រើប្រាស់សារធាតុគីមីហាមឃាត់ទេ។ ទោះយ៉ាងនេះក្តី មន្រ្តីជំនាញបានយកគំរូផលិតផលទាំងនោះមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។ ជាមួយគ្នានោះ មន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញ បានត្រួតពិនិត្យផលិតផលបង្គាស្រស់ ដែលកំពុងដាក់លក់តាមបណ្តាស្តង់ និងបានរកឃើញបង្គាចំនួន ១៨០ គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ)។ មន្រ្តីជំនាញ បានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ រឹបអូសទំនិញទាំងនោះមកកម្ទេចចោលផងដែរ។

សូមបញ្ជាក់ថា សារធាតុ CMC (ចាហួយ) ជាសារធាតុដែល ឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទំងន់ ក្នុងគោលបំណងកឹបកេងផល ប្រយោជន៍របស់អ្នកប្រើប្រាស់។

អត្ថបទដែលជាប់ទាក់ទង
Open

Close