(ពោធិ៍សាត់)៖ ដើម្បីការពារសុខុមាលភាព និងសុវត្ថិភាពចំណីអាហារ ពិសេសឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ, មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តពោធិ៍សាត់ ហៅកាត់ថា (ក.ប.ប) សហការជាមួយមន្ត្រីមន្ទីរពិសោធន៏ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញតាមផ្ទះ នៅជិតផ្សារសាមគ្គីក្រគរ នៃខេត្តពោធិ៍សាត់ លើមុខទំនិញ ចំនួន១៩មុខ ដោយពុំបានរកឃើញមានវត្តមានសារធាតុគីមីឡើយ។
ប្រតិបត្តិការចុះត្រួតពិនិត្យទំនិញតាមខ្នងផ្ទះខាងលើនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយបានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីសាលាខេត្តមួយចំនួនទៀត។
លោក អ៊ូ ម៉ានរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តពោធិ៍សាត់ (ក.ប.ប) បានឱ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនេះ ក្នុងគោលបំណងការពារ ផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ផ្ដោតទៅលើទំនិញគ្មានសុវត្ថិភាព ឬលាយសារធាតុគីមីហាមឃាត់។ ជាក់ស្តែងមន្រី្តជំនាញ បានចុះត្រួតពិនិត្យទំនិញ និងបានយករថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ដើម្បីធ្វើតេស្តបឋមលើទំនិញ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ ត្រីប្រាហើម ត្រីប្រម៉ាហើម សាច់ក្រក ប្រហុកសាច់ត្រី ផ្អកសាច់ត្រី ស្រាថ្នាំ…សរុបចំនួន១៩គំរូ។ ជាលទ្ធផល ពុំបានរកឃើញមានវត្តមានសារធាតុគីមី ក្នុងសំណាកគំរូ ទាំង១៩មុខ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះឡើយ។
ក្
នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏ដូចជាមន្ត្រីជំនាញ ក៏បានធ្វើការណែនាំបន្ថែម ដល់អាជីវករឱ្យចៀសវាងការប្រើប្រាស់សារធាតុគីមី ទៅលើផលិផល ម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងណែនាំដល់អាជីវករ ឱ្យមានការយល់ដឹងអំពីអនាម័យ៕