ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម ជ្រាបថា : យោងតាមប្រភព នៃការចុះផ្សាយរបស់គេហទំព័រអ្នកសារពត៌មាន RDN News ចុះផ្សាយថាទីតាំងលួចបើកលេងល្បែងសុីសង(ជល់មាន់)តតាមប្រព័ន្ធអុីនធឺណេត ស្ថិតក្នុងភូមិសាស្ត្រស្រុកកងមាស ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាកម្លាំងជំនាញស្រុកកងមាស សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវត្រួតពិនិត្យដល់ទីតាំងរួមមាន ឃុំពាមជីកង ឃុំសូគង និងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ជាលទ្ធផលពេលចុះត្រួតពិនិត្យដល់ទីតាំងខាងលេី និងបានសាកសួរបំភ្លឺម្ចាស់ទីតាំង ព្រមទាំងធ្វេីការសាកសួរពីប្រជាពលរដ្ឋនៅជិតខាងនោះឃើញថាទីតាំងខាងលើនេះពុំមានលួចលេងល្បែងសុីសង(ជល់មាន់)តាមអុីធឺណេតឡើយ ។
ចំពោះរូបភាពដែលអ្នកសារព័ត៌មានបង្ហោះក្នុងបណ្ដាសង្គមនោះ គឺជារូបភាពចាស់ ដែលសមត្ថកិច្ចយេីងខ្ញុំធ្លាប់បានចុះធ្វេីការអប់រំ និងកិច្ចសន្យារួចហេីយ នាពេលកន្លងមក ។
សូមបញ្ជាក់ថា សមត្ថកិច្ចយេីងខ្ញុំ និងអាជ្ញាធរមូលដ្ឋានបន្ដតាមដានរាល់សកម្មភាពល្មើសច្បាប់ខាងលើ ប្រសិនបើមានការប្រព្រឹត្តខុសពីកិច្ចសន្យា យេីងនិងចាត់វិធានការតាមច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការជាមួយសមត្ថកិច្ចយេីង ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមទំនាក់ទំនងតាមរយៈក្រុមការងារប្រតិកម្មរហ័ស ប្រព័ន្ធលេខទូរស័ព្ទ 015 727 337 ឬ 069 988 833 ។