បាត់ដំបង៖ យោងតាមបទបញ្ជាយ៉ាងមុឺមាត់របស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទើបលោកវរសេនីយឯក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំង អន្តរាគមន៍ បង្ការ បង្ក្រាប ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅសង្កាត់ដែលរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ ហៀង សុបិន្ត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានកាលពីវេលាម៉ោង៩ និង ៥នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្ថកិច្ចបានអោយដឹងថា នៅវេលា ម៉ោង១០និង៥២នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចកាបូបលុយរបស់ស្ត្រីរងគ្រោះ ឈ្មោះ លឹម សានិត ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចដកហូតបានវត្ថុតាងជាក់ស្តែងរួមមាន៖កាបូបស្ពាយពណ៌ខ្មៅមួយ ខ្សែកមាស១ខ្សែ ជញ្ចៀនមាស១វង់ លិខិតឆ្លងដែន១ អត្តសញ្ញាណខ្មែរ១សន្លឹក និងម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២០ ពណ៌ខ្មៅ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល កំពុងសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី រីឯទ្រព្យសម្បត្តិសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ៕ ដោយ សុខ កុសល