រៀបគម្រោង សម្លាប់ប្តី ដោយជួល បុរសម្នាក់ ក្នុងតម្លៃ ១ពាន់ដុល្លារ…! ស្នងការខេត្តកណ្តាល បំបែកសំណុំរឿងហើយ!
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បង្ហាញលទ្ធផល នៃកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបករណី ៖ ឃាតកម្មគិតទុកជាមុន កើតហេតុនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅថ្ងៃទី១៥ មករា ២០២៣ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដោយមានកិច្ចសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងជំនាញ នៃអធិការដ្ឋានស្រុកកៀនស្វាយ រួមនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបករណី៖ ឃាតកម្មគិតទុកជាមុន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង១៣នាទី នៅភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ។
ជនសង្ស័យ១.ឈ្មោះ សាន់ ធីតា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ ជាងអ៊ុតសក់ (ជាប្រពន្ធជនរងគ្រោះ) ។
ទី២. ឈ្មោះ វី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅខេត្តស្វាយរៀង ។
វត្ថុតាងរួមមាន
១.ខ្សែកាបហ្វ្រាំងកង់ ប្រវែង១.១២ម។
២.ដងលើកដុំដែក ហាត់កីឡា ពណ៌ខ្មៅលាយបៃតងខ្ចី ប្រវែង៥១ស.ម ទំហំ ០២សម។
៣.ខោជើងខ្លី កូនក្មេង ពណ៌ក្រហមលាយពណ៌ស រូបតុក្កតា ប្រវែង៤០ស.ម។
៤.កូនកន្សែង ពណ៌ផ្ទៃមេឃ ប្រវែង៧០ស.ម។
៥.ក្រម៉ាក្រឡាការ៉ូខ្មៅស ប្រវែង១.៣៥ម។
៦.អាវ ពណ៌សលាយបៃតងចាស់ ប្រវែង៦៥ស.ម។
៧.ភួយ ពណ៌ចម្រុះ រូបផ្កាកូឡាបក្រហម រូបស្លាបមាន់ប្រវែង១.៧០ម គុណ ២.២៣ម។
៨.កំរាលពូក ពណ៌ក្រហម មានប្រវែង១.៥០ម៉ែត្រ គុណ ២.០០ម៉ែត្រ។
៩.កាបូប ពណ៌ក្រហម ខ្មៅ ស ក្រឡាពងជីងចក់ ខ្មៅក្រហម ០១។
១០.អាវយឺត ពណ៌ស កបើកមានឆ្នូត ពណ៌ស្លែ ខាងមុខមានម៉ាក VISUALLIFE ខាងខ្នងមានអក្សវីហ៊្សល ឡាបហូ៍សុិនវេសមុិនឯ.ក ០១។
១១.ស្បែកជើងប៊ូ ពណ៌ខ្មៅ ០១គូ។
១២.អាវយឺត ពណ៌ខៀវ បើកកពណ៌ស ឆ្នូតពណ៌ក្រហម មានឡេវ ខាងចុងដៃអាវ មានពណ៌សឆ្នូតពណ៌ក្រហម មានឡូហ្គោនៅខាងមុខផ្នែកខាងឆ្វេង។
១៣.កាតចាក់វ៉ាក់សាំង។
១៤.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក។
១៥.បណ្ណបើកបររយន្ត ០១សន្លឹក។
១៦.បណ្ណ ប.ស.ស ០១សន្លឹក។
១៧.ការបូបដៃ ដាក់ប្រាក់ ពណ៌ខ្មៅ ០១។
១៨.កាតការងារ ០១សន្លឹក មានរូបថតជនរងគ្រោះមានខ្សែ ពណ៌ខៀវ
១៩.រូបថតរបស់ជនរងគ្រោះ ៤x៦ ចំនួន ០៣សន្លឹក។
២០.វីសាកាត ABA ពណ៌ខៀវ ០១សន្លឹក។
២១.បណ្ណនាធារ៉ាប់រង អ៊ិនហ្វីនីធី ០១សន្លឹក ពណ៌ស្វាយ។
២២.CASH CARD KB Cambodia ០១សន្លឹក ពណ៌ខ្មៅ។
២៣.THE GAT lEWAY ០១សន្លឹក ពណ៌ស។
២៤.ឯកសាររបស់ធនាគារ ០៣សន្លឹក។
២៥.សាមី ពណ៌ក្រហម ០១សន្លឹក។
២៦.ក្រាស់សិតសក់ ពណ៌ស ០១។
២៧.ក្រដាស ពណ៌លឿង ០១សន្លឹក។
២៨.ក្រដាស ពណ៌ខៀវ ០១សន្លឹក។
២៩.ក្រដាស់ប្រាក់៥០០៛ ០១សន្លឹក។
៣០.ទូរស័ព្ទ ០១គ្រឿង ម៉ាក IPhone 8 ពណ៌ផ្កាឈូក លាយ ស ០១។
៣១.វាំងនន ០១ ពណ៌បៃតងខ្ចី លាយពណ៌ ក្រហម។
៣២.វ៉ែនតា ០១។
៣៣.ស្រោមស សម្រាប់ដាក់ វ៉ែនតា ០១ ពណ៌ខ្មៅ ។
៣៤.រថយន្ត ០១គ្រឿង ម៉ាក Toyota Camary ស៊េរីឆ្នាំ២០០៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BP-1150 ។
សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ មានប្រជាពលរដ្ឋល្អបានប្រទះឃើញសពអណ្ដែតទឹក នៅក្នុងប្រឡាយទឹកវិរះ៥ ដែលមានទទឹង ០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត្រ ចំងាយពីផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង១,០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុក និងអាជ្ញាធរភូមិឃុំ គ្រូពេទ្យ និងកម្លាំងការិយាល័យពិនិត្យ និងវិភាគកន្លែងកើតហេតុ ការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។
តាមចម្លើយសារភាពរបស់ឈ្មោះ សាន់ ធីតា (ប្រពន្ធជនរងគ្រោះ) បានឆ្លើយសារភាពថា ៖ ខ្លួនបានរៀបគម្រោងដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយជួលឈ្មោះ ធួក រ៉ាវី ហៅ ជា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានក្រឡុកសុីម៉ង់ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ១,០០០ដុល្លា (មួយពាន់ដុល្លារអាមេរិក) ក្រោយពីរៀបចំគម្រោងរួចលុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី ខ្លួនបានឲ្យឈ្មោះ ធួក រ៉ាវី ហៅ ជា មកពួននៅក្នុងផ្ទះរបស់ខ្លួន។ លុះដល់ម៉ោង ០០:២០នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខ្លួនបានបើកទ្វាបន្ទប់ដេកឲ្យឈ្មោះ ធួក រ៉ាវី ហៅ ជា ចូលទៅធ្វើសកម្មភាពសម្លាប់ប្តី ចំណែកខ្លួនចេញមកខាងក្រៅបន្ទប់ បន្ទាប់ពីឈ្មោះ ធួក រ៉ាវី ធ្វើសកម្មភាពសម្លាប់ប្តីរបស់ខ្លួនរួច ឈ្មោះ ធួក រ៉ាវី បានយកសពដាក់ចូលក្នុងកាបូបក្រណាត់មានដៃយួរ ពណ៌ក្រហម-ស មានក្រឡាពងជីងចក់ក្រហម-ខ្មៅ បន្ទាប់មកឈ្មោះ ធួក រ៉ាវី បានហៅខ្លួនមកជួយលើកសពរបស់ប្តីដាក់ចូលក្នុងរថយន្តម៉ាក Toyota Camary ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ 2BP-1150 ដោយដាក់នៅក្នុងផ្នែកកៅអីខាងក្រោយ ពេលដែលលើកសពប្តីដាក់ចូលក្នុងរថយន្តមិនរួច ខ្លួនបានហៅឈ្មោះ ផាន ភ័ក្ត្រា ហៅ នីតា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិរាំងឈូក ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលរស់នៅជាមួយដើម្បីមកជួយលើក ក្រោយពីលើកដាក់ក្នុងរថយន្តរួចរាល់ហើយ ខ្លួននិងឈ្មោះ ធួក រ៉ាវី បានដឹកសពប្តីរបស់ខ្លួនមកទម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយពីទម្លាក់សពប្តីរបស់ខ្លួនរួច ខ្លួននិងឈ្មោះ ធួក រ៉ាវី បើកឡានត្រលប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះរបស់ខ្លួន ឈ្មោះ ធួក រ៉ាវី បានយកម៉ូតូរបស់ប្តីខ្លួន ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ ពាក់ស្លាក់លេខភ្នំ 1IW-9363 ជិះចេញទៅបាត់តែមិនដឹងទៅណាទេ។ ហើយចំណែកប្រាក់ចំនួន ១,០០០ដុល្លារថ្លៃឈ្នួល គឺខ្លួនពុំបានប្រគល់ ឲ្យទៅឈ្មោះ ធួក រ៉ាវី ទេ ។
តាមចម្លើយសារភាពរបស់ឈ្មោះ ធួក រ៉ាវី ហៅជា បានឆ្លើយសារភាពថា៖ ឈ្មោះ សាន់ ធីតា ភេទស្រី បានជួលខ្លួនឲ្យសម្លាប់ឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ (ប្តីរបស់ឈ្មោះសាន់ ធីតា) ក្នុងតម្លៃ១,០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) ហើយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទី ឈ្មោះ សាន់ ធីតា ភេទស្រី បានវេលុយតាម Wing ចូលលេខទូរស័ព្ទរបស់ខ្ញុំ ០៩៦ ៧៨ ៩៦ ២៨៥ ចំនួន ៧ម៉ឺនរៀល ក្រោយពីខ្ញុំដកលុយបានហើយ ខ្ញុំក៏បានជិះម៉ូតូឌុបពីខណ្ឌដង្កោ មកជួបឈ្មោះ សាន់ ធីតា ភេទស្រី នៅរង្វង់មូលព្រះនរាយណ៍រួចខ្ញុំក៏បានទិញខ្សែភ្លើងតាមផ្លូវចំនួន ១០ម៉ែត្រ លុះពេលមកដល់រង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ឈ្មោះ សាន់ ធីតា ភេទស្រី បានជិះរថយន្តមួយគ្រឿង Toyota Camry ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ 2BP-1150 មកយកខ្ញុំឲ្យទៅពួន នៅក្នុងផ្ទះរបស់គាត់ដើម្បីត្រៀមសម្លាប់ប្តីរបស់គាត់ ពេលខ្ញុំចូលទៅដល់ក្នុងផ្ទះរបស់ឈ្មោះ សាន់ ធីតា ភេទស្រី ខ្ញុំក៏បានយកជម្រឹងដែក (ដែកឆ័ត្រ) យកមក.តជាមួយនឹងខ្សែភ្លើងទុកសម្រាប់ឆក់ឈ្មោះ ខឹម ផល្លី ។ លុះដល់ម៉ោង២៣:៤៥នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ សាន់ ធីតា បានបើកទ្វាបន្ទប់របស់គាត់ ដើម្បីឲ្យខ្ញុំចូលទៅធ្វើសកម្មភាពសម្លាប់ឈ្មោះ ខឹម ផល្លី (ប្តីរបស់ឈ្មោះ សាន់ ធីតា) ពេលនោះឈ្មោះ សាន់ ធីតា បានយកខ្សែភ្លើងទៅដោតនៅព្រីភ្លើង រួខខ្ញុំក៏បានយកខ្សែភ្លើងទៅឆក់ឈ្មោះ ខឹម ផល្លី ភេទប្រុស ដោយឆក់ក្រោមក្លៀកខាងស្តាំ ភ្លាមនោះខ្ញុំក៏បានយកដែកសម្រាប់លើកអាំងទែ វាយចំបំពង់កចំនួន ០៣ដង និង ក្បាលផ្នែកខាងក្រោយ ០១ដង បន្ទាប់មកខ្ញុំក៏បានយកហ្វ្រាំងកង់ប្រវែងប្រហែល០.៨ម៉ែត្រ រឹត.ក ឈ្មោះ ខឹម ផល្លី បន្ថែមរហូតដាច់ខ្យល់ស្លាប់ រួចខ្ញុំបានយកក្រម៉ា ចងដៃចងជើងឈ្មោះ ខឹម ផល្លី ចង់ភ្ជាប់គ្នា បន្ទាប់មកឈ្មោះ សាន់ ធីតា បានយកភួយ និងកម្រាលពូកដើម្បីរុំសពប្តីរបស់គាត់ ញាត់ចូលក្នុងកាបូបយូពណ៌ក្រហមសមានក្រឡាពងជីងចកក្រហមខ្មៅ ពេលច្រករួចខ្ញុំនិងឈ្មោះ សាន់ ធីតា បានយកសពឈ្មោះ ខឹម ផល្លី ដាក់ចូលក្នុងឡានកៅអីផ្នែកខាងក្រោយ ប៉ុន្តែពេលលើកដាក់ចូលឡានមិនរួច ភ្លាមនោះ ឈ្មោះ សាន់ ធីតា បានហៅ ឈ្មោះ ផាន ភ័ក្ត្រា ភេទស្រី ឲ្យមកជួយលើក។ បន្ទាប់មកខ្ញុំនិងឈ្មោះ សាន់ ធីតា បានបើកឡានដឹកសពឈ្មោះ ខឹម ផល្លី មកទម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនោះឈ្មោះ សាន់ ធីតា បានហុចកាបូបស្ពាយ ពណ៌ខ្មៅ មកឲ្យខ្ញុំបោះចោលក្បែរសាកសព ប៉ុន្តែខ្ញុំមិនដឹងថានៅក្នុងកាបូបនោះ មានសម្ភារៈអ្វីខ្លះនោះទេ។ រួចខ្ញុំនិងឈ្មោះ សាន់ ធីតា ក៏បានបើករថយន្តត្រឡប់មកផ្ទះរបស់ឈ្មោះ សាន់ ធីតា វិញ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលមកដល់ឈ្មោះ សាន់ ធីតា បានឲ្យប្រាក់មកខ្ញុំចំនួន ៥ម៉ឺនរៀល និងឲ្យខ្ញុំជិះម៉ូតូប្តីរបស់គាត់ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IW-9363 ដើម្បីជិះគេចខ្លួន ចំណែកឯប្រាក់ថ្លៃឈ្នួលចំនួន ១,០០០ដុល្លារ ឈ្មោះ សាន់ ធីតា មិនទាន់បានប្រគល់ឲ្យរូបខ្លួនទេ ពេលនោះរូបខ្លួនក៏បានជិះម៉ូតូខាងលើយកទៅលាក់ទុកនៅវាលស្រែ ស្ថិតក្នុងភូមិតបបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានកម្លាំងជំនាញស្នងការដ្ឋានកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕