ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៣នេះ នៅសាលាស្រុកអង្គរជុំ ខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរភារកិច្ច និងប្រកាសតែងតាំងលោក ភន់ សុខុម អភិបាលរងស្រុកបន្ទាយស្រី ឋានន្តរស័ក្តិវរៈមន្ត្រី ថ្នាក់លេខ១ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកអង្គរជុំ ជំនួសលោក លុក ផុស ដែលត្រូវបានគ្រប់អាណត្តិរបស់ខ្លួន បានផ្ទេរភារកិច្ចថ្មីទៅបម្រើការនៅសាលាខេត្តសៀមរាប។
បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង ត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកដែលទើបទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកអង្គរជុំ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។ ឯកឧត្តមបានស្នើដល់លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ លើការអភិវឌ្ឍន៍ស្រុកអង្គរជុំបន្តពីលោកអភិបាលស្រុកគ្រប់អណត្តិ និង ជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាតាមដូសបន្តបន្ទាប់ និង ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឲ្យបានល្អប្រសើរ ។
ឯកឧត្តម ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ សំខាន់លោកអធិការនគរបាលស្រុកត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋទើបគ្រប់អាយុ និង បងប្អូនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលជិតហួសការកំណត់ត្រូវធ្វើជូនពួកគាត់ឱ្យទាន់ពេលវេលា ដើម្បីត្រៀមលក្ខណៈ និង ប្រើប្រាស់ក្នុងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ម្យ៉ាងទៀត ត្រូវបន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងមួលដ្ឋាន ដោយជម្រុញការផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និង ខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ សំដៅរួមគ្នាធានាឲ្យបាននូវប្រក្រតីភាព នៃការងារគ្រប់វិស័យទូទាំងស្រុក ដើម្បីឲ្យរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធានាបានកំណើនសេដ្ឋកិច្ច និងឈានទៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ កត្តាសំខាន់លើការងារសន្តិសុខ អាជ្ញាធរ សមត្ថកិច្ច លើការទប់ស្កាត់ បង្រ្កាប់នូវបទលើ្មសចរាចរគ្រឿងញៀន អំពើអាណាចារនៅក្នុងមូលដ្ឋាន និង បទល្មើសផ្សេងៗគ្រប់រូបភាព នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ បង្កើនលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ដែលបានចូលមកទេសចរនៅតំបន់រមណីដ្ឋានធម្មជាតិ ព្រមទាំងមានទំនាក់ទំនងឲ្យបានល្អជាមួយវិស័យឯកជនផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកផងដែរថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ មិនប្រកាន់ពូជសាសន៍ និន្នាការគណបក្សនយោបាយណាឡើយ និងបានប្រកាសបើកប្រទេសឡើងវិញ សំដៅស្តារសេដ្ឋកិច្ចជាតិ សំខាន់លើវិស័យទេសចរ ពិសេសនៅខេត្តសៀមរាប ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើផងដែរថា រាល់កិច្ចការទាំងអស់ យើងត្រូវគិតនូវផលប្រយោជន៍ប្រជាជនជាធំ ក្នុងការដោះស្រាយនូវរាល់ទុក្ខលំបាករបស់បងប្អូន ដើមី្បបំពេញនូវតម្រូវការចាំបាត់ក្នុងមូលដ្ឋាន មិនត្រូវមានគំនិតប្រកាន់ បក្ខពួកនិយម ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍រួម កឺត្រូវឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ (ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែលព្យាបាល និងវះកាត់) ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និង ភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ យ៉ាងណាវិញនៅថ្ងៃខាងមុខនេះ ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរចិន ហើយយើងក៏មិនត្រូវធ្វេសប្រហែសនៃជម្ងឺកូវិដឡើយ គឺ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តបន្ទាប់ទៀតផងដែរ៕