លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ប្រជុំផ្សព្វផ្សាយ ស្តីអំពីវិធានការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបបញ្ហាគ្រោះអគ្គិភ័យ!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំលោកនាយរងការិយាល័យ នឹងមន្ត្រីចំណុះរបស់ការិយាល័យ ធ្វើការប្រជុំផ្សព្វផ្សាយស្តីអំពីវិធានការពារជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបបញ្ហាគ្រោះអគ្គិភ័យ និងធ្វើការត្រួតពិនិត្យមើលសម្លៀកបំពាក់របស់កម្លាំងពន្លត់អគ្គិភ័យ ដោយឲ្យមន្ត្រីជំនាញទាំងអស់ធ្វើការដាក់ផ្លាកឈ្មោះនៅផ្នែកខាងមុខអាវ និងខាងក្រោយខ្នង ត្រូវដាក់ផ្លាកឈ្មោះបានត្រឹមត្រូវ។

ដោយនៅក្នុងនោះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យ ក៏មានប្រសាសន៍ថា យើងជាមន្ត្រីពន្លត់អគ្គិភ័យ ត្រូវតែយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេល។ ហើយត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគ្រោះអគ្គិភ័យ ដោយមិនឲ្យមានបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់រឺក៏រងគ្រោះនោះឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យ ក៏បានសង្កត់ធ្ងន់ទៀតថា គ្រប់មន្ត្រីជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយសារតែមួយរយៈនេះ ករណីអគ្គិភ័យបានកើតឡើងជាបន្តបន្ទាប់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តទៀតថា ដោយសព្វថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញរបស់យើង គឺមានអគារខុនដូរ និងអគារខ្ពស់ៗជាច្រើន ដែលជាហេតុធ្វើឲ្យមន្ត្រីជំនាញទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ការជួយសង្គ្រោះប្រជាពលរដ្ឋ។

ដោយនៅក្នុងនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានលើកឡើងអំពីករណីអគ្គិភ័យឆាបឆេះនៅអគារកាស៊ីណូ Grand Diamond City ដែលនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះ បណ្តាលឲ្យមនុស្សជាង ២០នាក់បានស្លាប់ និងរងរបួសជិត ១០០នាក់។ ជាមួយគ្នានេះដែរ លោកនាយការិយាល័យ ក៏បានដាស់តឿនដល់មន្ត្រីជំនាញទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។

ដោយនៅក្នុងការប្រជុំផ្សព្វផ្សាយនេះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យក៏បានធ្វើការត្រួតពិនិត្យកម្លាំងជំនាញចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ តាមបណ្ដាគោលដៅក្នុងខណ្ឌទាំង១៤ ក៏ដូចជាណែនាំដល់មន្ត្រីតាមបណ្តាខណ្ឌ ត្រូវតែត្រៀមកម្លាំងជានិច្ចក្នុងពេលចាំបាច់បំផុត សម្រាប់ការចេញជួយសង្គ្រោះ។

ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុនពេលចាកចេញពីនៅលំនៅដ្ឋាន ត្រូវតែបិទប្រអប់ភ្លើង និងពិនិត្យមើលភ្លើងធូប ភ្លើងទាន ឲ្យបានត្រឹមត្រូវមុននឹងធ្វើដំណើរ។ ក្នុងករណីចាំបាច់ សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកកាន់លេខសង្គ្រោះបន្ទាន់របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ 666 រឺក៏លេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស 097 7 3333 55៕

អត្ថបទដែលជាប់ទាក់ទង
Open

Close