ភ្នំពេញ៖ លោក ឃិត ឈឿន លើកឡើងថា ៖ មួយជីវិតស្អប់ការឈ្លោះគ្នា ការជេរគ្នា។ មិនថាក្នុងករណីរគ្រួសារ ការងារ ឬសង្គមជាតិ។ ការជជែកពិភាក្សាគួរមានសុជីវធម៌។ ឃើញអ្នកខ្លះប្រើសម្តីអសុរស ជេរគ្នា ដំបូងអាចថាអ្នកបង្ករហេតុ អ្នកនាំរឿងមុនខុស តែនៅពេលដែលចាប់ផ្តើមអាកប្បកិរិយាបែបនេះ អ្នកដែលជេរប្រមាទគេ ខុសជាងគេវិញទេ។
នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ គណនីហ្វេសប៊ុក ផ្លូវការ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខូ អិលធី ឌី ហៅថា KC គ្រុប បញ្ជាក់យ៉ាងច្បាស់ថា ក្មេងស្រីនៅABC គាត់អាចនិយាយខុស វាជាកំហុសដោយចេតនាឬអចេតនានៃកាសិក្សាស្រាវជ្រាវមិនដល់ ជាពិសេសសម័យយើងសព្វថ្ងៃ ពីធីករ មិនមានកំរិតវិជ្ជាខ្ពង់ខ្ពស់ ក្រមសីលធម៌ក្នុងការនិយាយ។ តែអ្នកដែលរិះគន់ចេញមកជេរច្រាសឆ្អេះ ប្រើសម្តីអសីលធម៌ រិតតែអាក្រក់មើលទៅទៀត។
លោក ឃិត ឈឿន បន្តថា ករណីបែបនេះវាបង្ហាញពីសង្គមមនុស្សមួយដែលគ្មានការអប់រំ។ មិនថាអ្នកនៅក្នុងឋានៈណា តួនាទីណា ប្រើចំពោះអ្នកណា សុវជីវធម៌គឺត្រូវប្រកាន់ជាប់។ សុជីវធម៌បង្រៀនអ្នកតាំងពី ដេកដើរ ឈរអង្គុយ និយាយស្តី សំពះ បើកបរយានយន្ត… ពីមនុស្សក្នុងគ្រួសារ ក្នុងក្រុមហ៊ុន ក្នុងសង្គមជាតិ ក្នុងផ្ទះ ក្នុងវត្តអារាម ទីសាធារណៈ..។
អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខូ អិលធី ឌី ហៅថា KC គ្រុប រូបនេះ សង្កត់ធ្ងន់ថា ៖ សម្តីសជាតិ មាយាទសត្រកូល។ គោរពស្រឡាញ់អ្នក ដទៃ គឺផ្តល់តម្លៃអោយខ្លួនឯង។
វាគ្មានតម្លៃអីយករឿង កេរ្តិ៍ខ្មាសក្នុងគ្រួសារ មានលាតត្រដាងបង្ហាញគេទេ តើអ្នកធ្វើទៅបានអ្វី ក្រៅពីក្តីអាម៉ាសទាំងនោះត្រឡប់មកលើខ្លួនអ្នកវិញទេ។ បើអ្នកជាមនុស្សច្រឡើសបើសច្រឡោងខាម គង់គ្មានអ្នកណាគោរពស្រឡាញ់អ្នកទេ។