ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ៖ គណបក្សប្រជាជនកម្ពុជា ជាទេវតា សង្គ្រោះ ថែរក្សា ការពារ និងអភិវឌ្ឍ របស់ប្រជាជន និងប្រទេសកម្ពុជា

ភ្នំពេញ៖ នាថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រួមជាមួយឯកឧត្តម ហួរ ហាប់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស(តំបន់៣) ប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ព្រមទាំងក្រុមការងារទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា ដែលពិធីនេះរៀបចំឡើងដោយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី ប្រមាណជាង៦០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានថ្លែងកោតសរសើរនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូនជនរួមជាតិខ្មែរ ដែលកន្លងមក រហូតដល់បច្ចុប្បន្ន បងប្អូនបានចូលរួមគ្រប់រូបភាព ដើម្បីពង្រឹងសាមគ្គីជាតិឱ្យកាន់តែរឹងមាំថែមទៀត ទាំងក្នុងនិងក្រៅប្រទេស ។ ជាពិសេសការអញ្ជើញ ចូលរួមរបស់បងប្អូនដ៏ច្រើនកុះករនាថ្ងៃនេះ បានសបញ្ជាក់ថា បងប្អូនពិតជាពលរដ្ឋខ្មែរស្នេហាជាតិដ៏ជ្រាលជ្រៅ ចង់ឱ្យសង្គមខ្មែរមានសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ ដើម្បីរក្សាបានសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាតិជានិរន្តរ៍ ក្រោមម្លប់សន្តិភាព សម្តេចតេជោ ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា និងដើម្បីទប់ស្កាត់ការវិលត្រឡប់សាជាថ្មីនៃរបបប្រល័យពូជសាសន៍ទៅកម្ពុជា។

ឯកឧត្តម ថ្លែងបន្តថា ការធ្វើទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវឃោរឃៅព្រៃផ្សៃយង់ឃ្នងនេះរបស់ពួកបនក្បត់ប្រល័យពូជសាសន៍ បានធ្វើឱ្យប្រជាជនខ្មែរជិតបីលាននាក់ បានបាត់បង់ជីវិតយ៉ាងឈឺចាប់ខ្លោចផ្សាបំផុត និងធ្វើឱ្យកម្ពុជាក្លាយជាវាលពិឃាត ពោរពេញទៅដោយភ្នំឆ្អឹង ស្ទឹងឈាមស្ទើរពាសពេញផ្ទៃប្រទេស ហើយប្រជាជនខ្មែររាប់លាននាក់ ក្លាយជាជនពិការ កុមារកំព្រា បាត់បង់ឪពុកម្ដាយ ព្រាត់ប្រាសគ្រួសារ ប្តីប្រពន្ធ កូនចៅ នឹងបានរស់នៅរងទុក្ខសោកយ៉ាងវេទនាជាទីបំផុត។

ឯកឧត្តម ថ្លែងបញ្ជាក់ថា របបខ្មៅងងឹតរបស់ពួកបនក្បត់ ប៉ុល ពត ដែលធ្វើទារុណកម្ម និងកាប់សម្លាប់ជាតិសាសន៍ខ្លួនយ៉ាងឃោរឃៅបែបនេះហើយ ជាហេតុធ្វើឱ្យាសម្តេចតេជោ មានការឈឺចាប់ជាទីបំផុត នឹកស្រណោះដល់ជនជាតិខ្លួន ដែលបានបាត់បង់ជីវិត រងទុក្ខវេទនា ដូចរស់នៅក្នុងនរកអវិចី។ ពេលនោះ សម្តេច ក៏បានប្តេជ្ញាចិត្តដោយយកជីវិតផ្ទាល់ខ្លួនជាដើមទុន ដើម្បីរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍នេះ ដោយបរួមជាមួយយុទ្ធមិត្តរបស់ សម្តេច តែ៥រូបប៉ុណ្ណោះ រត់គេចខ្លួនចូលក្នុងទឹកដីវៀតណាម បើទោះជាត្រូវវៀតណាមចាប់ដាក់គុកច្រវាក់ក៏ដោយ។ ការប្តេជ្ញាចិត្តរបស់ សម្ដេច គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដោយក្រុមរបស់សម្តេច បានចូលដល់ទឹកដី វៀតណាមប្រកបដោយសុវត្ថិភាព មិនតែប៉ុណ្ណោះ សម្តេច ត្រូវបានកងទ័ព និងប្រជាជនវៀតណាម ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានទទួលយកនូវសំណើរបស់ សម្តេច ដែលបានស្នើសុំភាគីវៀតណាម ដើម្បីរៀបចំរណសិរ្សសាមគ្កីសង្គ្រោះជាតិកម្ពុជា ជាមួយក្រុមវីរជនស្នេហាជាតិផ្សេងទៀត ផងដែរ ។ បន្ទាប់មករណសិរ្សនេះ បានកើតឡើងនាថ្ងៃ ២ធ្នូ ១៩៧៨ ។ ក្រោមការជួយឧបត្ថម្ភគាំទ្រពីភាគីវៀតណាម រណសិរ្សសាមគ្កីសង្គ្រោះជាតិកម្ពុជា មានទឹកចិត្ត មានកម្លាំងតស៊ូដ៏អស្ចារ្យ និងមុតស្រួចបំផុត បានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម បានទាំងស្រុងនៅទូទាំងប្រទេស នៅថ្ងៃ ៧ មករា ១៩៧៩ ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ដោយសារគណបក្សប្រជាជនកម្ពុជា ទើបប្រជាជន និងប្រទេសកម្ពុជា ត្រូវបានសង្គោះឱ្យរួចផុតពីជ្រោះមរណៈ បន្តរស់រានមានជីវិត
មានសេរីភាព សុខសន្តិភព បូរណភាពទឹកដី និងការអភិវឌ្ឍជារៀងរហូតមកដល់បច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close