ដំណើរការឡើងវិញហើយ! បនល្បែងស៊ីសងជល់មាន់ តាមអនឡាញ បង្កប់ក្នុងអាហារដ្ឋាន និង KTV គីម ៨៨៨! សមត្ថកិច្ចថា ព័ត៌មាន យករូបភាពចាស់មកផ្សាយ!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបទៅនឹងគេហទំព័រសារព័ត៌មាន ខេអេស ញូវ ធីវី ដែលបានចុះផ្សាយថា ៖ ដំណើរការ ឡើងវិញហើយ

បនល្បែងស៊ីសងជល់មាន់ តាមអនឡាញបង្កប់ក្នុងអាហារដ្ឋាន និងKTV គីម ៨៨៨ នៅតាមបណ្តាយមាត់ប្រឡាយជប៉ុនក្នុងឃុំបាគូរ ស្រុកកណ្តាលស្ទឹង។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកកណ្តាលស្ទឹង ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖

នៅរសៀលថ្ងៃទី​៥ ខែ​មករា​ ឆ្នាំ២០២៣​ វេលា​ម៉ោង​ ១៣ និង៣០​នាទី​ លោកវរសេនីយ៍ឯក​ ឡេង​ សុខរុន​ អធិការនគរបាលស្រុក​កណ្ដាល​ស្ទឹង​ បានបញ្ជាកម្លាំងផ្នែកនគរបាលយុត្តិធម៌ ដឹកនាំដោយ លោកវរសេនីយ៍ទោ ស៊ឹម​ គឹមស៊ុន​ អធិការរងផ្នែកនគរបាលយុត្តិធម៌​ ដឹកនាំមន្រ្តីជំនាញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បារគូ ចុះទៅដល់ទីតាំង KTV គីម ៨៨៨​ មួយកន្លែង​ដែលម្ចាស់ទីតាំង ឈ្មោះ​ មៀង ពុទ្ធាវី ភេទប្រុស រស់នៅភូមិ អូអណ្ដូង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមការបំភ្លឺម្ចាស់ទីតាំង បានឱ្យដឹងថាទីតាំងរបស់ខ្លួនមិនមានលេងល្បែងស៊ីសងខុសច្បាប់ឡើយ ចំពោះរូបភាពដែលសារព័ត៌មានយកចុះផ្សាយគឺរូបភាពចាស់​ ព្រោះទីតាំងនេះឈប់ដំណើរយូណាស់ មកហើយ​ និង​បានធ្វើកិច្ចសន្យាបញ្ឈប់ការបើកទីតាំង​ KTV និង​ល្បែង​ស៊ី​សង​ខុស​ច្បាប់​។

ចំពោះលទ្ធផលការពិនិត្យឃើញថា នៅទីតាំងលក់កាហ្វេ ខាងលើ មិនមានលេងល្បែងស៊ីសងខុសច្បាប់ឡើយ ។

ករណីខាងលើនេះសមត្ថកិច្ចជំនាញស្រុក បានធ្វើកិច្ចសន្យាអប់រំណែនាំបន្ថែមដល់ម្ចាស់ទីតាំង ហាមដាច់ខាតការផ្តល់ទីតាំង​ឱ្យលេង​ ឬបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រ​ភេទ​។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close