អាឡូ! កូនយ៉ា ត្រូវគេបាញ់ធ្លាយពោះហើយ! សមត្ថកិច្ចថា វត្ថុរឹងធ្លាក់ត្រូវ!

ខេត្តកណ្តាល៖ គណនី ហ្វេសប៊ុក ឈ្មោះ ម៉ាប់ ពិសាល បង្ហោះកាលពីថ្ងៃទី ៣១ ធ្នូ ២០២២ ថា ៖ ម៉ោង៨ ខ្ញុំបានទទួលដំណឹង១ ដែលរន្ធត់ ! ដំណឹងនោះគឺ ( អាឡូ ! កូនយ៉ាត្រូវគេបាញ់ធ្លាយពោះហើយ ) ខ្ញុំឮដំណឹងនេះ ហើយខ្ញុំទទួលយកមិនបានទេ កូនខ្ញុំទើបតែអាយុ មិនទាន់៤ឆ្នាំស្រួលបួលផង ហេតុអ្វីត្រូវជួបរឿងបែបនេះ? ខ្ញុំបានសួរពួកគាត់ថា ! នរណាជាអ្នកបាញ់? 

គ្រប់គ្នាគេមិនដឹងពីព្រោះពួកគេឮតែសំលេងកាំភ្លើង តែមិនឃើញមនុស្ស  ខ្ញុំពិតជាមិនយល់តើហេតុអ្វីរឿងនោះមិនធ្លាក់មកលើខ្ញុំ ? ចាំបាច់ធ្លាក់ទៅលើក្មេងដែលគ្នាមិនអ្វីបែបនេះ? គ្នាឈឺចាប់ណាស់តើអ្នកដឹងទេ ? សួរថាឈឺចាប់ទេ? តើជនល្មើសនៅទីណា? តើខ្ញុំសង្ឃឹមអ្នកណាដែលអាចជួយខ្ញុំបាន ?  ឬក៏ យុត្តិធម៌គ្នាទេសំរាប់ពួកខ្ញុំ ?  

ខ្ញុំសុំចិត្តបងប្អូនបានទេ សូមបងប្អូនមេត្តាជួយ Share រឿងនេះដើម្បីសមត្ថកិច្ចជួយរកជនបង្ករអោយក្រុមគ្រួសារខ្ញុំផង 🙏🙏🙏 

រឿងនេះ កើតហេតុ នៅខេត្តកណ្តាល ស្រុកស្អាង ឃុំ ស្វាយប្រទាល ភូមិពោធិ៍តាប៉ាង ( ទឹងអាង )  ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាយុត្តិធម៌នឹងមានសំរាប់ក្រុមគ្រួសារខ្ញុំ។

ជុំវិញ ករណីខាងលើ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយពិនិត្យឃើញថា មានបណ្តាញសង្គម និងបណ្តាញសារព័ត៌មាន មួយចំនួនធ្វើការបង្ហោះ និងចុះផ្សាយ ករណី មានធ្លាក់វត្ថុរឹងត្រូវកុមារីម្នាក់ បណ្តាលឱ្យរងរបួស នៅចំណុចភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង។

ទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវទទួលបានលទ្ធផលដូចខាងក្រោម៖

ករណី ធ្លាក់វត្ថុរឹងត្រូវរបួសមនុស្ស កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៩ និង៣០នាទី  នៅចំណុច ភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សីហា អូនយ៉ា ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

រងរបួសក្រោមឆ្អឹងជំនី ផ្នែកខាងស្ដាំ ។

វត្ថុតាងចាប់យក គ្មាន។

សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើម្ដាយរបស់ជនរងគ្រោះ កំពុងដេកជាមួយកូនៗ នៅក្នុងផ្ទះស្រាប់តែកូនឈ្មោះ សីហា អូនយ៉ា ភេទស្រី បានស្រែកយំពេលនោះម្ដាយរបស់ជនរងគ្រោះក្រោកមកមើលកូនក៏ស្រាប់តែឃើញមានឈាមនៅចំត្រង់ពោះ របស់ជនរងគ្រោះតែម្ដង ។ ហើយបានឆោឡោហៅក្រុមគ្រួសារបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យ។

តាមការពិនិត្យនៅកន្លែងកើតហេតុ មាន

១.ស័ង្កសី ដំបូលផ្ទះមានស្នាមធ្លុះ។
២.ក្រណាត់ ចងជាពិដានធ្លុះ។
៣.មុងមានស្នាមធ្លុះ។

ករណីនេះ កម្លាំងជំនាញពាក់ព័ន្ធ 

កំពុងស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close